កំពង់ចាម: អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា បានអំពាវនាវដល់បងប្អូនកីឡាករ ចំណុះទូក និងគណៈកម្មការដឹកនាំទូកទាំងអស់ ដែលបានចូលរួមក្នុងពិធីប្រណាំងនៅពេលនេះ សូមយកចិត្តទុកដាក់ និងអនុវត្តតាមការណែនាំរបស់គណៈកម្មការបច្ចេកទេស ជាពិសេសត្រូវអនុវត្តតាមបទបញ្ជាផ្ទៃក្នុងនៃការប្រណាំងទូក ដើម្បីបញ្ចៀសរាល់បាតុភាព អសកម្មណាមួយដោយចេតនាក្តី អចេតនាក្តី ដែលនាំឱ្យបាត់បង់សេចក្តីថ្លៃថ្នូររបស់កីឡាករទូក និងខូចកេរ្តិ៍ឈ្មោះ ភូមិស្រុករបស់យើង។ ការថ្លែងបែបនេះនាឱកាសបើកការប្រណាំងទូក ក្នុងពិធីបុណ្យចេញព្រះវស្សា នៅក្រុងកំពង់ចាម នាព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤។
ក្នុងឱកាសនោះដែរ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម សង្កត់ធ្ងន់ថា ការប្រកួតនាពេលនេះ គឺជាការសាកល្បងសមត្ថភាព បច្ចេកទេសរបស់ទូក និងចូលរួមអបអរសាទរពិធីបុណ្យ ចេញព្រះវស្សា ការថែរក្សាប្រពៃណី វប្បធម៌ និងបង្កើតបរិយាកាសរីករាយ ជូនបងប្អូនប្រជាពលរដ្ឋ។ សម្រាប់ការចាញ់-ឈ្នះ ជាមេរៀន និងបទពិសោធន៍ សម្រាប់ការត្រៀមហ្វឹកហាត់បន្ថែមទៀត ដើម្បីដណ្តើមយកជ័យលាភី និងកិត្តិយសជូនភូមិស្រុករបស់យើង នាឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប សំពះព្រះខែ និងអកអំបុក នាពេលខាងមុខ។
ឯកឧត្ដមអភិបាលខេត្ត បានបន្តថា យើងអាចរៀបចំព្រឹត្តិការណ៍ដ៏សប្បាយ រីករាយនេះបាន គឺដោយសារប្រទេសយើងមានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងប្រជាពលរដ្ឋមានជីវភាពធូរធារ ខណៈនៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា នឹងរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដែលជាព្រឹត្តិការណ៍ប្រណាំងទូក ដើម្បីចូលរួមថែរក្សា វប្បធម៌ ប្រពៃណី និងជាការលើកស្ទួយវិស័យកីឡាអុំទូក សម្រាប់បង្កបរិយាកាសសប្បាយរីករាយ ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង-ស្រុក កងកម្លាំងប្រដាប់អាវុធទាំង៣ រួមនឹងមន្ត្រីរាជការទាំងអស់ ដែលបានសហការបង្កើតឱ្យមានព្រឹត្តិការណ៍នៃការប្រណាំងទូក បណ្តែតប្រទីប អុចកាំជ្រួច និងការតាំងពិព័រណ៍ផលិតផលនានា ដើម្បីបង្កលក្ខណៈសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋផងដែរ ៕