អាជ្ញាធរខេត្តព្រះវិហារ ទទួលបានឈាម ៥៣សាក់ ពីអ្នកចូលរួមបរិច្ចាគដោយស្ម័គ្រចិត្ត ដើម្បីយកទៅផ្គត់ផ្គង់ដល់មន្ទីរពេទ្យបង្អែក ១៦មករា

0

ខេត្តព្រះវិហារ៖ មន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ នៅតែត្រូវការឈាមជាបន្តបន្ទាប់ សម្រាប់យកមកជួយសង្គ្រោះអាយុជីវិតមនុស្សទូទៅ ដែលជាជនរងគ្រោះពីឧបទ្ទវហេតុផ្សេងៗ នៅថ្ងៃទី១៦តុលា២០២៤ រដ្ឋបាលខេត្តព្រះវិហារ ទទួលបានឈាមក្រុម O ,ក្រុម AB ,ក្រុម A និងក្រុម B ចំនួន ៥៣សាក់ ពីការធ្វើពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” ។

ពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តនេះ បានធ្វើឡើងនៅស្រុករវៀង ដែលមានការចូលរួមពី លោក គឹម ចាន់បញ្ញា អភិបាលរងខេត្តព្រះវិហារ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរមូលដ្ឋាន កងកម្លាំងទាំង៣ មន្រ្តីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា និងប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានប្រមាណ ១០២នាក់។

នៅក្នុងចំណោមអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ទាំង ១០២នាក់ អ្នកមិនមាន លក្ខ័ណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាម ៤៩នាក់ ឈាមដែលបូមបានមានចំនួន ៥៣នាក់ មាន ៤ក្រុម ក្នុងនោះ ក្រុមឈាម O+ ២២សាក់, ក្រុម AB+  ០១សាក់, ក្រុម A+ ១៤សាក់ និងក្រុម B+ ១៦សាក់។

អភិបាលរងខេត្តព្រះវិហារ លោក គឹម ចាន់បញ្ញា បានសម្តែង ការអរគុណចំពោះវត្តមាន របស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និងងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្ត ក្នុងការបរិច្ចាគឈាម នាពេលនេះ ដែលជាផ្នែកមួយ នៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់ ហើយសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញកាន់តែច្បាស់ ពីការយល់ដឹងពីអត្ថប្រយោជន៍ នៃការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ដើម្បីជួយសង្គ្រោះជីវិតមនុស្ស សំដៅរួមចំណែក ក្នុងការជួយដល់ជនរងគ្រោះ ដែលមានតម្រូវការឈាមជាចាំបាច់។

លោកអភិបាលរងខេត្តព្រះវិហារ បានបន្តថា បច្ចុប្បន្ននេះ ដោយមានតម្រូវការឈាម ដើម្បីសង្គ្រោះអាយុជីវិតពិតជាចាំបាច់ ជាពិសេស គឺនៅក្នុងមន្ទីរពេទ្យបង្អែក ១៦មករា ខេត្តព្រះវិហារ មានតម្រូវការឈាម គិតជាមធ្យមយើងត្រូវការឈាមប្រចាំថ្ងៃប្រមាណជា ០៣ប្លោក ក្នុង១ថ្ងៃ ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺនៅក្នុងមន្ទីរពេទ្យ ឱ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺផ្សេងៗ។

លោកអភិបាលរងខេត្ត បានអំពាវនាវ ឱ្យមានការចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាម និងផ្សព្វផ្សាយ ហើយគាំទ្រសកម្មភាពចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ឱ្យមានដំណើរការជារៀងរាល់ខែជាប់ជាប្រចាំ យ៉ាងហោចណាស់ ១ខែម្តង ដើម្បីជួយសង្គ្រោះអាយុជីវិតអ្នកជំងឺ ឬជនរងគ្រោះ ដែលមានតម្រូវការឈាម ហើយយើងទាំងអស់គ្នាក៏ប្តេជ្ញាចិត្តថា នឹងមិនទុកឱ្យអ្នកជំងឺណាម្នាក់ ស្លាប់ដោយសារខ្វះឈាមបញ្ចូលនោះដែរ៕ដោយ៖ឡុង សំបូរ