កាប៊ិនជាប់បង្គោលភ្លើងមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរនោះ ។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង២០នឹង៤០នាទីយប់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅក្នុងភូមិឃុំ កើតហេតុខាងលើ ។
បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋ រស់នៅក្បែរនោះ បានប្រាប់អោយដឹងថា ភ្លើងអគ្គីសនីនៅទីនេះ តែងតែដាច់ជាញឹកញាប់ ហើយកាប៊ិនភ្លើង នៅតាមបង្គោលភ្លើងផ្សេងៗ ក៏ចេះតែឆ្លងឆាបឆេះ បែកផ្កាភ្លើងស្ទើរជារៀងរាល់ថ្ងៃ ប៉ុន្តែនៅថ្ងៃនេះ កាប៊ិនភ្លើងនៅជាប់បង្គោល
មួយកន្លែង ក្នុងភូមិសង្កាត់ចាក់អង្រែលើ បាន ផ្ទុះសេខ្សែភ្លើង កើតជាអណ្តាតភ្លើង បែកផ្កាភ្លើងយ៉ាងសន្ធោសន្ធៅ បង្កអោយបងប្អូនរស់នៅក្បែរនោះ ភ័យស្លន់ស្លោ យកបំពង់ពន្លត់អគ្គីភ័យ តាមផ្ទះនីមួយៗ មកបាញ់ពន្លត់ ក្នុងរយះពេលជាងកន្លះម៉ោង ទើបទប់ស្កាត់ អណ្តាតភ្លើង ដែលកំពុងឆាបឆេះនោះ ឲ្យរលត់សូន្យសុងទៅវិញ ។
ក្នុងហេតុការណ៍កាប៊ិនឆាបឆេះខាងលើនេះ ពុំមានរាលដាលធំដុំ ដល់ខ្សែភ្លើងដទៃ នឹងលំនៅឋានរបស់ប្រជាពលរដ្ឋឡើយ ។
ពាក់ព័ន្ធនិងបញ្ហាទាំងអស់នេះ ប្រជាពលរដ្ឋដែលរស់នៅក្បែរទីនោះ បានសំណូមពរទៅ មន្ត្រីអគ្គិសនី មេត្តាមានវិធានការយ៉ាងណា ទប់ស្កាត់អោយបាន ជៀសវាងកើតមានករណីដូចពេលនេះទៀត ៕



































