ករណីអារកសម្លាប់ ដែលគេសង្ស័យថា ជាអំពើឃាតកម្ម ប្លន់យកម៉ូតូ មិនបានសម្រេច កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៤នោះ ដែលបានកើតទ្បើង ស្ថិតនៅផ្លូវចូលរោងចក្រវ៉ាយកូត ក្រុមទី១៤ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ហើយសមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យម្នាក់ភ្លាមៗ ក្រោមការស្រាវជ្រាវរបស់សមត្ថកិច្ច អាចមិន មែនជាជនដៃដល់ពិតប្រាកដ នៃការប្រព្រឹត្ដ អំពើឃាតកម្មមួយនេះ ។
ឯកឧត្តម ឧត្ដមសេនីយ៍ត្រី ជួន ណារិន្ទ បានមានប្រសាសន៍ថា ជនម្នាក់ដែលកម្លាំងសមត្ថ កិច្ចឃាត់ខ្លួន ដោយមានឈាម និងប្រឡាក់ភក់នៅលើសំលៀកបំពាក់នោះ អាចមិនមែនជាជនដៃដល់ទេ ។
លោកឧត្ដមសេនីយ៍ត្រី ជួន ណារិន្ទ បានប្រាប់ឲ្យដឹងថាទៀតថា ជនសង្ស័យដែលសមត្ថកិច្ចយើង បានឃាត់ខ្លួនក្រោយកើតហេតុនោះ រហូតមកដល់ពេលនេះ មិនទាន់សារភាពនៅទ្បើយទេ ហើយអាចជារឿងផឹកស៊ីឈ្លោះគ្នា វាយគ្នាឲ្យប្រលាក់ឈាមអាវ ជនសង្ស័យតែប៉ុណ្ណោះ ។
យ៉ាងណាក៏ដោយ លោកស្នងការរងបាន បញ្ជាក់ថា សមត្ថកិច្ច នៃស្នងការនគរបាល រាជធានីភ្នំពេញ និងបន្តការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ នៅក្នុងករណីនេះ ។
សូមបញ្ជាក់ថា បុរសដែលត្រូវគេអាក ត្រូវបានគេស្គាល់ឈ្មោះថា មាស ប៊ុនធឿន អាយុ៣១ឆ្នាំ មានមុខរបរ ជាអ្នករត់ម៉ូតូឌុប មានស្រុកកំណើត នៅខេត្ដស្វាយរៀង ត្រូវបានប្រជាពលរដ្ឋប្រទះ ឃើញដេកស្លាប់ ដោយមានស្នាមអារក ម៉ូតូរបស់ជនរងគ្រោះ ម៉ាកសេ១២៥ពណ៌ ពាក់ស្លាកលេខ ភ្នំពេញ 1BS-1735 ហើយករណីនេះ ត្រូវបានប្រជាពលរដ្ឋ នៅកន្លែងកើតហេតុ អះអាងថា ជារឿងឃាតកម្ម ប្លន់យកម៉ូតូមិនបានសម្រេច ។
ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានឃាត់ខ្លួនយុវជនម្នាក់ ឈ្មោះ គៀង ភារ៉ា អាយុ២៤ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដោយសារតែនៅលើសំលៀកបំពាក់ របស់ជននោះ មានស្នាមប្រឡាក់ឈាម និងភក់ តែរូបគេមិនបានសារភាពនៅទ្បើយទេ រហូតមកដល់ពេលនេះ ដោយជនសង្ស័យអះអាងថា ជាការឈ្លោះគ្នា យកដបវាយ ប្រឡាក់ឈាមអាវតែប៉ុណ្ណោះ ៕