កំពង់ចាម: ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ នៅក្រុងកំពង់ចាម ខណៈភ្ញៀវទេសចរណ៍ប្រមាណជិត៣២ម៉ឺននាក់បានចូលរួមទស្សនាកម្សាន្ត ក្នុងពិធីអុំទូក បណ្តែតប្រទីប អុចកាំជ្រួច និងតាំងពិពណ៍ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តកំពង់ចាម កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ដោយមានការអញ្ញើញចូលរួមពីថ្នាក់ដឹកនាំក្រសួងស្ថាប័ននានាជាច្រើនរូបផងដែរ ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ក្នុងខេត្តកំពង់ចាម ដែលបានរៀបចំព្រឹត្តិការណ៍ប្រណាំងទូក ដើម្បីបង្កបរិយាកាសសប្បាយរីករាយជូនដល់បងប្អូនប្រជាពលរដ្ឋខេត្តកំពង់ចាម ក៏ដូចជាបងប្អូនទស្សនិកជនទាំងអស់ ក្រោមម្លប់នៃសុខសន្តិភាព។ បន្ថែមពីនេះ ការរៀបចំពិធីប្រណាំងទូក ង ទូកខ្នាតអន្តរជាតិ បណ្តែតប្រទីប អុចកាំជ្រួច ពិតជាបានចូលរួមថែរក្សាវប្បធម៌ប្រពៃណី និងការលើកស្ទួយវិស័យកីឡាអុំទូក។ ក្រៅពីនេះ រដ្ឋបាលខេត្តកំពង់ចាមក៏មានការរៀបចំតាំងពិព័រណ៍សមិទ្ធផលនានារបស់រដ្ឋបាលក្រុង-ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត ដើម្បីដាក់បង្ហាញអំពីសមិទ្ធផល ក៏ដូចជាបង្ហាញពីការរីកចំរើនរបស់រដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពជុំវិញខេត្ត។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះ មានទូកសរុបចំនួន ៥៩ទូក ក្នុងនោះទូកអុំបុរសខ្នាតវែង ២១ទូក និងទូកខ្នាតអន្តរជាតិចំនួន ៣៨ទូក កម្លាំងអុំសរុបចំនួន ២.៣៩៨នាក់ និងកម្លាំងត្រៀមសរុបចំនួន ៥៥៧នាក់។ ចំណែកការប្រណាំងទូក មានរយៈពេល១ថ្ងៃពេញ ក្នុងរយៈចម្ងាយប្រវែង ១.៥០០ម៉ែត្រ ស្មើនឹង ៤ជើង ដោយប្តូរខ្សែទឹកគ្នា។
ចំពោះលទ្ធផលបច្ចេកទេសផ្ដាច់ព្រ័ត្រ នៃការប្រណាំងទូក ដោយជ័យលាភី ផែនលេខ ១ មាន៥ ទូក ក្នុង ១ទូកទទួលបាន ពានរង្វាន់១ ទង់ជ័យលាភី១ និង ថវិកា ២លានរៀល ។ ចំពោះផែនចំណាត់ថ្នាក់លេខ ២ ក្នុង១ទូកទទួលបាន ទង់ជ័យលាភី ១ និងប្រាក់ ១លាន ៥សែនរៀល ។ រីឯផែនទូកចំណាត់ថ្នាក់លេខ ៣ ក្នុង១ទូកទទួលបានទង់ជ័យលាភី១ និងថវិកា ១លានរៀលផងដែរ ៕