អភិបាលខេត្តស្ទឹងត្រែង ផ្តល់រថយន្ត ១គ្រឿង ជូនបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានផ្តល់រថយន្ត TOYOTA TUNDRA V6​ មួយគ្រឿង ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សម្រាប់ប្រើប្រាស់ ដើម្បីរក្សាសន្តិសុខ ​សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៤ នៅក្នុងបរិវេណសាលាខេត្តស្ទឹងត្រែង។

មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង លោកឧត្តមសេនីយ៍ត្រី សេង សុភាព រួមទាំងកម្លាំងក្រោមឱវាទ បានទទួលអំណោយរថយន្ត ០១គ្រឿង ម៉ាក TOYOTA TUNDRA V6 ពណ៌ខ្មៅ (បិតស្កុតពណ៌ទឹកប៊ិច) មានកម្លាំងម៉ាស៊ីន ៣៤០០ cc និងមានបំពាក់ភ្លើងសារ៉ែន ដែលជាអំណោយរបស់ អភិបាល នៃ​គណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា ។

លោកអភិបាលខេត្តស្ទឹងត្រែង បានមានប្រសាសន៍ថា ការប្រគល់រថយន្ត ១គ្រឿង ជូនដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នាពេលនេះ ដើម្បីប្រើប្រាស់នៅក្នុងអង្គភាព ជាប្រយោជន៍សម្រាប់ធ្វើការល្បាត រក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងជួយសង្គ្រោះដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ជាពិសេស ដើម្បីរួមចំណែកក្នុងការពង្រឹង លើការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព។

សូមជម្រាបថា កម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ក្រោមការដឹកនាំរបស់ លោកឧត្តមសេនីយ៍ត្រី សេង សុភាព ​នៅរយៈកាលកន្លងមក ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ របស់ អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានចុះអនុវត្តគោលនយោបាយភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ដោយធ្វើការចាប់បង្ក្រាបក្រុមក្មេងទំនើង ក្រុមចោរកម្ម ពិសេសបង្ក្រាបក្រុមរក្សាទុក ប្រើប្រាស់ និងជួយដូរគ្រឿងញៀនខុសច្បាប់ បានជាច្រើនករណី ដោយបានចាប់ខ្លួនជនល្មើសបញ្ជូនទៅតុលាការខេត្ត រាប់សិបនាក់ ធ្វើឱ្យសកម្មភាពបង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន មានការថយចុះគួរឱ្យកត់សម្គាល់។

តែបើទោះបីជាមានការចុះបង្ក្រាបយ៉ាងសកម្ម បែបនេះក៏ដោយចុះ ក៏គេនៅតែកត់សម្គាល់ឃើញថា នៅក្នុងមូលដ្ឋានមួយចំនួនក្នុងក្រុងស្ទឹងត្រែង នៅតែមានសកម្មភាពលួចកាត់ខ្សែភ្លើង នៅតាមលំឋានប្រជាពលរដ្ឋ ហាក់ដីដូចជាមានការកក្រើកឡើងវិញផងដែរ។

ប្រជាពលរដ្ឋបានសាទរ ចំពោះចំណាត់ការក្តៅរបស់ កម្លាំងសមត្ថកិច្ចនាពេលកន្លងមក ប៉ុន្តែ ពួកគាត់ក៏បានសំណូមពរទៅដល់ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ជាពិសេស លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង សូមមេត្តា បន្តមានវិធានការក្តៅបន្ថែមទៀត ដើម្បីបង្ក្រាបក្រុមចោរដៃឆៅ ដែលនៅសេសសល់ និងនៅតែបន្តធ្វើសកម្មភាព លួចកាត់ខ្សែភ្លើង ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានយ៉ាងស្ងៀមស្ងាត់ ជាបន្តទៀតផង៕ដោយ៖ឡុង សំបូរ