ជនសង្ស័យជួញដូរគ្រឿងញៀនប្រុសស្រី៧នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលសហការជាមួយកម្លាំងមូលដ្ឋាន ចាប់ខ្លួននៅគោលដៅកន្លែងផ្សេងៗគ្នា ធ្វើការបញ្ជូនទៅតុលាការនៅព្រឺកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤។
លោកវីសេនីទោ ទូច អ៊ីណាន មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកណ្តាល បានឲ្យដឹងថាករណីបង្ក្រាបធ្វើឡើងនៅកន្លែងពីរផ្សេងៗគ្នា ដោយឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀន បានចំនួន៧នាក់ និងដកហូតវត្ថុតាងមួយចំនួនបញ្ជូនទៅតុលាការ។
ជនសង្ស័យទាំង៧នាក់ឈ្មោះ ១.ឈ្មោះ ព្រំ សុខា ភេទប្រុសជាអ្នកចែកចាយ ទី២.ឈ្មោះ ជ័យ រស់ ភេទប្រុស អាយុ៤០ឆ្នាំ ជាអ្នកចែកចាយនិងផ្តល់ទីតាំងជក់ ទី៣.ឈ្មោះ អ៊ូ ថៃគ្រី ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកចែកចាយនិងធ្លាប់ឃាត់ខ្លួនពីបទបង្ករអំពើហឹង្សារម្តងរួចមកហើយ ទី៤.
ឈ្មោះ ហុង ឆៃ (ហៅរ៉ា) ភេទប្រុសអាយុ២២ ធ្លាប់ចាប់ខ្លួនពីបទចែកចាយគ្រឿងញៀនម្តងរួចហើយ ទី៥ឈ្មោះ ហេង គឹមហ៊ាន ភេទប្រុស អាយុ៤២ឆ្នាំ ទី៦ឈ្មោះ.សេង ស៊ីម៉ា អាយុ៤២ឆ្នាំ ត្រូវជាប្រពន្ឋ ទី៨ឈ្មោះ. ប៊ិន ធីតា ភេទប្រុស អាយុ២០ឆ្នាំជាអ្នកចែកចាយ។
ក្នុងប្រតិបត្តិការបង្ក្រាបនោះសមត្ថកិច្ច ដកហូតបានគ្រឿងញៀនចំនួន៣៣កញ្ចប់តូច និងកញ្ចប់ធំ១. ស្មើនឹង៥៤,៩ក្រាម ម៉ូតូសេ១២៥ចំនួន១គ្រឿងចំនួន១គ្រឿង ជញ្ជីងសម្រាប់ថ្លឹង គ្រឿងញៀនចំនួន៥គ្រឿង ទូរស័ព្ទដៃចំនួន៥គ្រឿង សម្ភារៈវេចខ្ចប់ឧបករណ៏សម្រាប់ប្រើគ្រឿងញៀនមួយចំនួនធំ ប្រាក់ដុល្លារ៣៧ដុល្លារ និងប្រាក់រៀលចំនួន៦៧០២០០ ដើម្បីធ្វើជាវត្ថុតាងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១ ខែមករា ដល់ថ្ងៃទី២៧ខែតុលានេះ កងរាជអាវុធហត្ថខេត្តកណ្តាលធ្វើការបង្ក្រាបចែកចាយគ្រឿងញៀន ប្រភេទមេតំហ្វីតាមីន(ម៉ាទឹកកក) បានចំនួន៨លើក ឃាត់ខ្លួនជនសង្ស័យបានចំនួន៣៥នាក់ ស្រី៤នាក់ ដកហូតគ្រឿងញៀនប្រភេទមេតំហ្វីតាមីន ចំនួន១៣៣កញ្ចប់ ជញ្ជីងថ្លឹងចំនួន៥គ្រឿងទូរស័ព្ទដៃ២៩គ្រឿង ប្រាក់និងសម្ភារៈប្រើប្រាស់ គ្រឿងញៀនមួយចំនួនធំ៕



































