លោក អ៊ុត វណ្ណរ៉ា និងលោក ប្លោក ចន្ទរដ្ឋា បានសំណេះសំណាលសួរសុខទុក្ខ និងនាំយកថវិកាទៅលើកទឹកចិត្តដល់កីឡាករប្រណាំងទូកផ្កាចារ៍ ទូកខ្នាតអន្តរជាតិ និងទូកវែង នៅខេត្តកំពង់ធំ កាលថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ

0

(កំពង់ធំ)÷ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយ បាននាំយកថវិកាឯកឧត្តម សួស យ៉ារ៉ា និងលោកជំទាវ និងថវិកាផ្ទាល់ខ្លួន ព្រមទាំងថវិការបស់ប្រធានមន្ទីរមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ ទៅលើកទឹកចិត្តដល់កីឡាករប្រណាំងទូកផ្កាចារ៍ ទូកខ្នាតអន្តរជាតិ និងខ្នាតវែងចំនួន១២ទូក នៅក្នុងស្រុកកំពង់ស្វាយ ក្នុងពិធីប្រណាំងទូកនៅខេត្តកំពង់ធំ កាលពីថ្ងៃទី១៦-១៧ ខែតុលា ឆ្នាំ២០២៤ ដែលទទួលបានជ័យលាភីកន្លងមកថ្មីៗនេះ។

កម្មវិធីសំណេះសំណាលនេះក៏មានការអញ្ជើញចូលរួមពីលោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ និងលោក ពៅ វណ្ណា ព្រមទាំងក្រុមការងារ អញ្ជើញទៅជួបសំណេះសំណាល និងសួរសុខទុក្ខដល់កីឡាករប្រណាំងទូក(ង)ខ្នាតវែងចំនួន២ទូក នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។

លោក ប្លោក ចន្ទរដ្ឋា បានលើកឡើងថាក្រោមដំបូលសុខសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបន្តឈានឆ្ពោះទៅរកការអភិវឌ្ឍរីកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ។ ពិធីបុណ្យអុំទូកជាប្រពៃណីទំនៀមទំលាប់របស់ជាតិ ត្រូវបានលើកកម្ពស់ ដើម្បីប្រជាជនសប្បាយរីករាយ ក្រោមម្លប់សុខសន្តិភាព។ សូមកីឡាករទាំងអស់ត្រូវខិតខំប្រឹងប្រែងហ្វឹកហាត់ត្រៀមខ្លួនចូលរួមប្រកួតអបអរសារទរ ក្នុងការប្រណាំងទូកនៅរាជធានីភ្នំពេញ ឱ្យទទួលបានជោគជ័យ និងប្រកបដោយស្មារតីសាមគ្គីភាព ឯកភាពជាតិខ្មែរ។

នាឱកាសនោះ លោក អ៊ុត វណ្ណារ៉ា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់កីឡាករចំណុះទូក  និងកោតសរសើរ ដល់គណកម្មការគ្រប់គ្រងទូក ដែលខំប្រឹងប្រែងអស់ពីកម្លាំងកាយកម្លាំងចិត្តរហូតទទួលបានជ័យជំនះ ទទួលបានជ័យលាភីលេខ១ ទូកវែងឈ្មោះ ឌួងសូរិយាបុប្ផាស្ទឹងសែនបារមីក្តីដូង ស្ថិតនៅវត្តក្តីដូង និងជ័យលាភីលេខ១ ទូកខ្នាតអន្តរជាតិឈ្មោះ បុប្ផាស្ទឹងសែន ស្ថិតនៅវត្តស្លែង និងទូកផ្កាចារ៍ឈ្មោះ ឥន្ទនិម្មិតសែនជ័យបារមីក្តី ក៏ទទួលបានចំណាត់ថ្នាក់លេខ១ផងដែរប្រចាំខេត្តកំពង់ធំ។

លោកអភិបាលស្រុកកំពង់ស្វាយ បានផ្ដាំផ្ញើឱ្យកីឡាករចំណុះទូកទាំងអស់បន្តហ្វឹកហាត់ពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីត្រៀមទៅចូលរួមប្រណាំងនៅរាជធានីភ្នំពេញមានរយៈពេល៣ថ្ងៃ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខនេះ ក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប សំពះព្រះខែ ឱ្យទទួលបានជ័យជំនះបន្តទៀត។ សូមឱ្យកីឡាករទាំងអស់រក្សាអនាម័យឱ្យបានល្អ កុំពិសាគ្រឿងស្រវឹង ដើម្បីឱ្យមានសុខភាពល្អទទួលយកជ័យជំនះក្នុងការប្រកួត។

លោកអភិបាលស្រុក បាននាំយកថវិការបស់ឯកឧត្តម សួសយ៉ារ៉ា និងលោកជំទាវ ព្រមទាំងថវិការផ្ទាល់ខ្លួនទៅប្រគល់ជូនដល់គណ:កម្មការទូក និងកីឡាករទូកងទាំង១២ទូកក្នុងស្រុក ក្នុងនោះមាន៖ ១.ថវិកាជ័យលាភ័យលេខ១ ចំនួន២ទូក(ខ្នាតវែងចំនួន១ទូក និងខ្នាតអន្តរជាតិចំនួ១ទូក)។ ទូកខ្នាតវែងលេខ១ ទទួលបាន៣.០០០.០០០រៀល។ ទូកខ្នាតអន្តរជាតិចំនួន១ទូកទទួលបានចំនួន២.០០០.០០០រៀល។ ២.ថវិកាដើម្បីរៀបចំកម្មវិធីជប់លៀង ទទួលបានថវិកាដូចខាងក្រោម÷
ទូកខ្នាតវែងចំនួន២ទូក ទទួលបានថវិកា២.០០០.០០០រៀល។ ទូកខ្នាតអន្តរជាតិចំនួន៨ទូកទទួលបានថវិកា៤.០០០.០០០រៀល។ ៣. ទូកផ្កាចារ៍
ចំនួន២ទូកទទួលបានថវិកា ៨០០.០០០រៀល។
សម្រាប់ទូកផ្កាចារ៍ឈ្មោះ ឥន្ទនិម្មិតសែនជ័យបារមីក្តី ក៏ទទួលបានចំណាត់ថ្នាក់លេខ១ លោក អ៊ុត វណ្ណរ៉ា អភិបាលស្រុកកំពង់ស្វាយបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន២០០.០០០រៀលទៀត។ ក្នុងនោះលោក ប្លោក ចន្ទរដ្ឋា ប្រធានមន្ទីរមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពង់ធំ និងលោក ពៅ វណ្ណា ព្រមទាំងក្រុមការងារ បានឧបត្ថម្ភដល់ទូកខ្នាតអន្តរជាតិចំនួនថវិកា១.២០០.០០០រៀលដល់ទូកដែលមានចំណាត់ថ្នាក់លេខ១ខ្នាតអន្តរជាតិ ស្ថិតនៅវត្តស្លែងឈ្មោះបុប្ផាស្ទឹងសែន។ អត្ថបទលោក ធូ កែវមុន្នី