យោធិន៤៥រូប ដែលនឹងត្រូវដាក់ឱ្យចូលសោធននិវត្តន៍ ទទួលបានការលើកទឹកចិត្តតាមរយៈការផ្តល់ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

0

ខេត្តព្រះវិហារ៖ នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកទំទាវបណ្ឌិត ពេជ ចន្ទមុន្នី បានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ រួមទាំងថវិកាមួយចំនួន ជូនដល់យោធិន ៤៥រូប ដែលនឹងត្រូវដាក់ឱ្យចូលសោធននិវត្តន៍ តាមរយៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នៃយោធភូមិភាគទី៤។

នៅក្នុងឱកាសជួបជុំគ្នានាថ្ងៃទី២០តុលា ម្សិលមិញនោះ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានជួបសំណេះសំណាល សួរសុខទុក្ខ និងបានបង្ហាញពីភាពស្និទ្ធស្នាលបំផុត ជាមួយយោធិនដែលត្រៀមចូលនិវត្តន៍ ព្រមទាំងបាននាំយកអំណោយរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកទំទាវបណ្ឌិត ពេជ ចន្ទមុន្នី មកចែកជូនយោធិនទាំង ៤៥នាក ក្នុងម្នាក់ៗ ទទួលបាន អង្ករ ២៥គីឡូក្រាម មីជាតិ ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ ១យូរ ត្រីខកំប៉ុង ១យួរ និងថវិកាមួយចំនួនផងដែរ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានសម្តែងមនោសញ្ចេតនាអាណិត ស្រឡាញ់យ៉ាងជ្រាលជ្រៅ​ និងអាឡោះអាល័យបំផុត ចំពោះយោធិនទាំង ៤៥រូប នឹងត្រូវដាក់ឱ្យចូលនិវត្តន៍ ដែលជាមិត្តរួមកម្លាំងប្រដាប់អាវុធ ធ្លាប់រួមសុខ រួមទុក្ខ និងធ្លាប់បំពេញភារកិច្ចរួមគ្នា ក្នុងសម័យធ្វើសឹកសង្គ្រាមនាពេលកន្លងទៅ និងបានបន្សល់នូវគំរូវីរភាពដ៏អង់អាចក្លាហាន ចំពោះជាតិ មាតុភូមិកម្ពុជា នៃយើង។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានថ្លែងថា ការដាក់ឱ្យចូលសោធននិវត្តន៍របស់យោធិនទាំង ៤៥រូបនៅពេលខាងមុខនេះ គឺអង្គភាពតំបន់សឹករងខេត្ត បានអនុវត្តតាមការកំណត់របស់ រាជរដ្ឋាភិបាល តាមរយៈក្រសួងការពារជាតិ អគ្គបញ្ជាការបញ្ជាការដ្ឋានកងទ័ពជើងគោគ និងយោធភូមិភាគទី៤ ដោយផ្អែកលើផែនការ ក៏ដូចជាគោលការរួមរបស់ កងយោធពលខេមរភូមិន្ទ តាមការចង្អុលបង្ហាញរបស់រាជរដ្ឋាភិបាល ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានបញ្ជាក់ថា ការដាក់ឱ្យចូលសោធននិវត្តន៍នេះ មិនមែនមានតែយើងនៅក្នុងជំនាន់នេះទេ គឺបានធ្វើឡើងគ្រប់ជំនាន់ទាំងអស់ ដែលយើងតែងតែផ្តល់ជូន នូវការដាក់ឱ្យចូលនិវត្តន៍ ដែលមានការពាកព័ន្ធលើការបម្រើជាតិ សាសនា ព្រះមហាក្សត្រ នាពេលកន្លងមក ដោយផ្អែកទៅលើវ័យ និងសុខភាព ដែលជាកត្តាមូលដ្ឋានឱ្យបងប្អូនយោធិន បានចូលនិវត្តន៍ និងបានសម្រាកពីការងារ។

លោកឧត្តមសេនីយ៍ មេបញ្ជាការ បានជូនពរឱ្យបងប្អូនយោធិន ដែលត្រូវចូលសោធននិវត្តន៍ទាំងអស់ ជួបតែវិបុលសុខគ្រប់ប្រការ មានសុខភាព និងអនាម័យល្អបរិបូណ៍ ហើយត្រូវរស់នៅជាមួយនឹងបរិស្ថានល្អស្អាតជានិច្ច៕ ដោយ៖ឡុង សំបូរ