កំពង់ឆ្នាំង៖រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿងបានក្រឡាប់ប្រះដេកក្នុងទឹកស្រែក្បែថ្នល់ជាតិលេខ៥ត្រង់ផ្លូវកោង ដែលគេកំពុងជួសជុល ចំណុចវាលប៉ារាម ស្ថិតក្នុង ភូមិក្បាលថ្នល់ ឃុំសែប ស្រុកកំពង់ ត្រឡាច កាលពីវេលាម៉ោង៥និង៥០នាទីទាបភ្លឺថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៤ តែ
សំណាងល្អអ្នកជិៈក្នុងរថ យន្ត រួមទាំងអ្នកបើកបរគ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ ហើយរថយន្តបានរងការខូចខាតស្ទើរទាំងស្រុង។
លោក មាស ស៊ីភិន អធិការរងគរបាលស្រុកកំពង់ត្រឡាច ទទួលបន្ទុកចរាចរណ៏បាននិយាយថា៖ រថយន្តបាឡែននោះ ពណ៏ស្ក ពាក់ស្លាកលេខ ភ្នំពេញ 2U.7939 បើកបរដោយឈ្មោះ ឡី កី អាយុ៤១ឆ្នាំមានទីលំនៅភូមិសន្តិភាព ឃុំបឹងព្រលិត ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
លោកបានបន្តថាៈ មុនពេលកើតហេតុរថយន្តបាឡែនខាងលើ មានមនុស្សជិៈចំនួន៥នាក់រួមទាំងអ្នកបើកបររថយន្ត បានធ្វើដំណើរចេញពីស្រុកសំពៅលូន ខេត្តបាត់ដំបងដើម្បីទៅចូលរួមមង្គលការបង ប្អូន នៅភ្នំពេញ លុះពេលធ្វើដំណើរមកដល់ចំណុចកើតហេតុជាផ្លូវកោង និងកំពុងជួសជុលដោយចាក់ថ្មល្អិត និងដោយរថយន្តមានល្បឿនលឿនផងនោះ ក៏ស្រាប់តែរ៉េចង្កូតរអិលធ្លាក់ទៅខាងស្តាំដៃរួចក្រឡាប់បោកផ្ទប់ទៅនឹងដើមអាកាស្យាបណ្តាលអោយបាក់៤-៥ដើមទើបក្រឡាប់ធ្លាក់ចូលទឹកស្រែតែម្តង ។
ក្រោយកើតហេតុអ្នកជិៈក្នុងរថយន្តដែលជាបងប្អូននិងគ្នា បានរងរបួសស្រាលហើយបាននាំគ្នាទៅ មណ្ឌលសុខភាពឃុំដែលនៅក្បែរនោះ ដើម្បីអោយជួយលាងនិងរុំរបួសអោយ។ចំណែករថយន្តខូចខាត ស្ទើខ្ទេចទាំងស្រុង។
ក្រោយពេលត្រឡប់ពីមណ្ឌលសុខភាពវិញ ជនរងគ្រោះទាំង៥នាក់រួមទាំងអ្នកបើកបររថយន្តផង បានសុំសមត្ថកិច្ចនគរបាលស្រុក យករថយន្តស្ទូចមកស្ទូចយករថយន្តទៅជួសជុលដោយខ្លួនឯង ព្រោះថាមិនមានអ្នកប្តឹងផ្តល់គ្នាទេដោយសារជាសាច់ញាត្តិជាមួយគ្នា និងរួមដំណើរជាមួញគ្នាទៅការបងប្អូន ហើយប៉ូលីសក៏ព្រមអនុញ្ញាត្តិអោយដោយសារមិនបានបង្ករការខូចខាត ឬរងរបួសអ្នកដទៃ៕