អភិបាលខេត្តស្ទឹងត្រែង បានប្រាប់មន្ត្រីក្រោមឱវាទ និងមន្ត្រីអនុវត្តច្បាប់ ត្រូវដកខ្លួនចេញជាបន្ទាន់ ប្រសិនបើមានជាប់ពាក់ព័ន្ធជាមួយបទល្មើស

0

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា បានមានប្រសាសន៍ថា  រាជរដ្ឋាភិបាល នីតិកាលទី៧នេះ គឺជានីតិកាលបោសសំអាតនូវគ្រប់បទល្មើស ដែលកើតមានឡើង នៅទូទាំងទេសកម្ពុជា ហើយសំរាប់មន្រ្តីរាជការ អ្នកអនុវត្តច្បាប់ទាំងអស់ ត្រូវជៀសឱ្យឆ្ងាយ មិនឱ្យមានការពាក់ព័ន្ធនឹងបទល្មើសជាដាច់ខាត រួមទាំងករណីបង្កមួយចំនួន ដែលបានអនុវត្តជាបន្តបន្ទាប់ទៅលើមេប៉ុស្តិ៍ ការចាប់មនុស្សមិនមានការរាយការណ៍ ដល់ស្ថាប័នថ្នាក់លើ ហើយនឹងជៀសឱ្យឆ្ងាយពីការអន្តរាគមន៍។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ចំពោះមន្រ្តីអនុវត្តច្បាប់ណា មានការបិទបាំងព័ត៌មាន បិទសំណុំរឿងនានា និងការជួយលាក់ជនល្មើស ក្នុងនាម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នឹងមិនមានការលើកលែងណា ដល់មន្រ្តីអនុវត្តផ្ទុយពីច្បាប់ទាំងនោះឡើយ។

ការលើកឡើងរបស់ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង នៅក្នុងកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាពការងារ អនុវត្តគោលនបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព សម្រាប់ត្រីមាសទី៣ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ នៅសាលាខេត្តស្ទឹងត្រែង។

កិច្ចប្រជុំនោះបានធ្វើឡើង ក្រោមអធិបតីភាព លោក ទូច ណារ៉ុថ រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ លោក ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្ត និងលោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក និងមេឃុំ-ចៅសង្កាត់ ដែលមានការពាក់ព័ន្ធ ផងដែរ។

កិច្ចប្រជុំបានធ្វើឡើង ដើម្បីអនុវត្តយន្តការតាមដាន ត្រួតពិនិត្យ វាយតម្លៃ និងជម្រុញការអនុវត្តផែនការ សកម្មភាព តាមដំណាក់កាលនីមួយៗ និងការជម្រុញឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ-សង្កាត់ ចាត់ចែងអនុវត្តនូវគោលនយោបាយ (ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព) ឱ្យមានប្រសិទ្ធភាព  និងទទួលបានជោគជ័យ ព្រមទាំងក្តាប់បាននូវបញ្ហាប្រឈម និងវិធានការដោះស្រាយ ដើម្បីពង្រឹងបន្ថែម អនុវត្តការងារ និងដាក់ចេញទិសដៅការងារអនុវត្តបន្ត។

លេខាធិការដ្ឋាន នៃក្រុមប្រឹក្សាប្រឡងប្រណាំង ការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ខេត្តស្ទឹងត្រែង បានរៀបចំកិច្ចប្រជុំ ត្រួតពិនិត្យវឌ្ឍនភាពការងារ អនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព និងផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពី ការអនុវត្តគោលនយោបាយ សំរាប់ឆ្នាំ២០២៤-២០២៨។

នៅក្នុងឱកាសនោះ រដ្ឋលេខាធិកាក្រសួងមហាផ្ទៃ លោក ទូច ណារ៉ុថ បានថ្លែង កោតសរសើរ កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលបានខិតខំសហការរួមគ្នា ក្នុងការបង្រ្កាបបទល្មើសនានា គួរឱ្យគត់សំគាល់ នៅក្នុងត្រីមាសទី៣ នេះ។ លោកបានសំណូមពរ ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ត្រូវចូលរួមសហការជាមួយ កម្លាំងសមត្ថកិច្ច និងអាជ្ញាធរដែន ដើម្បីរក្សាបាន នូវសន្តិសុខ សណ្តាប់ធ្នាប់ ស្របតាមការអនុវត្តនូវគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។

លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការផ្សព្វផ្សាយខ្លឹមសារផែនការយុទ្ធសាស្រ្ត ស្តីពី ការអនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព រយៈពេល ៥ឆ្នាំ គឺជាផែនទីបង្ហាញផ្លូវសំរាប់ក្រសួងមហាផ្ទៃ ក្នុងការសហការសម្របសម្រួល តាមដាន ត្រួតពិនិត្យ វាយតម្លៃ និងផ្តល់ការគាំទ្រ ដល់ក្រសួងស្ថាប័ន រដ្ឋបាលថ្នាក់ក្រោមជាតិ ភាគីពាក់ព័ន្ធនានា ដើម្បីធានាការចាត់តាំង អនុវត្តគោលនយោបាយ ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព ប្រកបដោយប្រសិទ្ធភាព៕ ដោយ៖ឡុង សំបូរ