ខេត្តបាត់ដំបង : ប្រជាពលរដ្ឋមួយចំនួនត្រូវបានរងគ្រោះដោយសារផ្សែងដែលពោរពេញដោយសារធាតុគីមី ក្នុងការបំផ្ទុះរំសេវដើម្បីប្រមូលរ៉ែមាសរបស់ក្រុមហ៊ុនមួយនៅក្នុងស្រុកភ្នំព្រឹក។
គួរបញ្ជាក់ថា ក្រុមហ៊ុន ភូ យ៉ាង គឺជាក្រុមហ៊ុនមួយដែលកំពុងធ្វើអាជីវកម្មរ៉ែមាសនៅចំណុចភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដែលកំពុងវាទីយ៉ាងទូលំទូលាយនៅក្រោមបាតភ្នំ និងតំបន់ខ្លះបានបង្កឲ្យមានផលប៉ះពាល់ ដល់ផលដំណាំ និងលំនៅឋាន របស់ប្រជាពលរដ្ឋផងដែរ ពិសេសគឺសុខភាពពួកគាត់ដែលរងគ្រោះដោយសារផ្សែងរំសេវ។
បើទោះបីជាលោក អ៊ាន មាឃ ប្រធានមន្ទីរ៉ែនិងថាមពល ខេត្តបាត់ដំបង បើកបញ្ជាក់ថា ក្រុមហ៊ុនមួយនេះមានអាជ្ញាប័ណ្ណនិងច្បាប់ទម្លាប់ត្រឹមត្រូវក៏ដោយ ក៏ក្រុមហ៊ុនមួយនេះត្រូវតែប្រឈមក្នុងការទទួលខុសត្រូវ ទៅលើផលប៉ះពាល់ដែលខ្លួនបានប្រព្រឹត្ត ដូចជាការបាត់ស្រុតដីនៅក្នុងចំការដំណាំ ការបាក់ស្រុតនៅក្បែរជញ្ជាំងផ្ទះពលរដ្ឋ និងការប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋដែលនៅជិតខាងជុំវិញបញ្ហាផ្សែងបានហុយមកពីការបំផ្ទុះរំសេវ ប៉ុន្តែនៅតំបន់ខាងលើនេះគឺក្រុមហ៊ុនមិនខ្វល់ពីអ្វីទាំងអស់។ ដែលប្រជាពលរដ្ឋជាច្រើននៅក្នុងតំបន់នោះបានដាក់ការសង្ស័យថា ក្រុមហ៊ុនអាចឆ្លៀតឱកាសប្រមូលរ៉ែមាសក្រៅពីតំបន់ក្នុងអាជ្ញាប័ណ្ញរបស់ខ្លួន ព្រោះគេសង្កេតឃើញថា ក្រុមហ៊ុនបានលូកដៃរុករកនិងធ្វើអាជីវកម្ម រ៉ែមាសនេះនៅពាសវាលពាសកាល មិនត្រឹមតែក្រោមបាតភ្នំទាំងមូលប៉ុណ្ណោះទេ គេថែមទាំងឃួងនិងបំផ្ទុះរំសេវលុងចូលដល់ក្រោមចំការរបស់ប្រជាពលរដ្ឋថែមទៀតផង។
លោក ប៉ុល នី ជាប្រជាពលរដ្ឋរស់នៅភូមិភ្នំព្រឹក ឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក ដែលជាអ្នកមើលថែចំការដំណាំនៅក្បែរតំបន់នោះដែរបានរៀបរាប់ នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នេះថា ស្ទើរតែរៀងរាល់ថ្ងៃក្រុមហ៊ុន ភូ យ៉ាង ដែលធ្វើអាជីវកម្មរ៉ែមាសនៅស្រុកភ្នំព្រឹកនេះ បានធ្វើការខួងដាក់រំសេវផ្ទុះស្ទើររាល់យប់ដែលភាគច្រើនគឺចាប់ពីម៉ោង ១០ ដល់ម៉ោង ១២ យប់ ហើយការចុចឲ្យផ្ទុះរំសេវនេះក្នុងមួយលើកចាប់ពី ៨ ដល់ ១៥ គ្រាប់ ដែលបានបង្កដល់ការសម្រាករបស់ប្រជាពលរដ្ឋ ពិសេសគឺការបាក់ស្រុតដីនៅប៉ែកខាងលើគឺនៅតាមចំការដំណាំនិងរបងផ្ទះជាដើម។ លោកសង្ស័យថា ក្រុមហ៊ុនអាចធ្វើការរុករករ៉ែមាសលើសពីដែនកំណត់របស់ខ្លួន ព្រោះលោកសង្កេតឃើញថាការរុករកនិងធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុនមួយនេះគឺមានទំហំរាប់សិបហិចតាបើគិតជាផ្ទៃដី ដែលក្រុមហ៊ុនបានលុងរូងក្រោមដីនិងបាតភ្នំ រហូតចេញពីជើងភ្នំមកដល់ដីចំការរបស់ប្រជាពលរដ្ឋថែមទៀត ព្រោះសំឡេងផ្ទុះគ្រាប់ម្ដងៗគឺលាន់កក្រើកពីខាងក្រោមដីរបស់លោក ដូច្នេះបើមន្ត្រីជំនាញមិនបានចុះពិនិត្យឲ្យបានដិតដល់នោះទេភ្នំព្រឹកទាំងមូលអាចរលំរលាយ ក្នុងពេលដ៏ខ្លីជាមិនខាន។
លោក ប៉ុល នី បានលើកឡើងថា នៅក្នុងដីរបស់លោកគឺមានអណ្ដូងទឹកដ៏ជ្រៅមួយ សម្រាប់បូមស្រោចស្រពផលដំណាំនៅក្នុងចំការ។ នៅថ្ងៃមួយក៏ស្រាប់តែលោកបានឮសំឡេងក្រុមហ៊ុនធ្វើការចុចផ្ទុះរំសេវ បង្ករទៅជាផ្សែងហុយទ្រលោម ចេញពីក្នុងអណ្ដូងទឹករបស់លោកដោយមានចម្ងល់លោកក៏បានទាញទូរសព្ទថតព្រមទាំងបានដើរចូលទៅជិតដើម្បីពិនិត្យ។ នៅពេលនោះផ្សែងបានរោលរាលមកលើខ្លួនប្រាណរបស់លោក ហើយក៏ចាប់ផ្ដើមមានអាការៈកន្ទួលរមាស់ ដោយឡែកភ្នែកទាំងសងខាងក៏ចាប់ផ្ដើមក្រហាយនិងហូរទឹកភ្នែកឥតឈប់ ទើបលោកសម្រេចមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ដែលនៅពេលនោះគ្រូពេទ្យបានបញ្ជាក់ថា ភ្នែករបស់លោកអាចប្រឈមនឹងការរលាកខ្លាំងដោយសារប៉ះពាល់ផ្សែងដែលផ្ទុកសារធាតុគីមី ។ ចាប់ពីពេលនោះមកលោកក៏តែងតែឡើងមកព្យាបាលភ្នែកជាប្រចាំតាមកាលកំណត់ របស់គ្រូពេទ្យដូច្នេះលោកក៏សូមអំពាវនាវ និងសំណូមពរដល់ថ្នាក់ដឹកនាំជាន់ខ្ពស់ ពិសេសប្រមុខនៃរាជរដ្ឋាភិបាល មេត្តាចាត់ក្រុមការងារដើម្បីចុះពិនិត្យទីតាំងខាងលើដែលកំពុងវាទទី ពាសវាលពាសកាល ពិសេស គឺផល ប៉ះពាល់ទៅលើប្រជាពលរដ្ឋដែលនៅជិតខាង៕ អត្ថបទ : សោ និយមរ័ត្ន