ខេត្តស្វាយរៀង៖ ឯកឧត្តម ម៉ែន វិបុល ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជេីញជាអធិបតីក្នុងពិធីបូកសរុប និងបិទវេទិកាស្តីពីការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដើម្បីសម្រេចបាននូវចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ ។
វត្តមានអញ្ជេីញចូលរួមក្នុងវេទិកានេះមាន៖ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងខេត្ត លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រី នាយកទីចាត់ការ/អង្គភាព ចំណុះសាលាខេត្ត លោកមេបញ្ជាការរងកងកម្លាំងបីប្រភេទ លោក លោកស្រីប្រធាន មន្ទីរ-អង្គភាពពាក់ព័ន្ធក្នុងខេត្ត លោកអភិបាល ក្រុង/ស្រុកទាំង៨ លោក លោកស្រីប្រធានការិយាល័យច្រកចេញចូលតែមួយ ក្រុង/ស្រុក ប្រធានការិយាល័យប្រជាពលរដ្ឋក្រុង/ស្រុក លោក លោកស្រី មេឃុំ ចៅសង្កាត់ និងស្មៀន ឃុំ សង្កាត់ ប្រធានសមាគមន៍ក្រុមប្រឹក្សាមូលដ្ឋានខេត្ត អង្គការសង្គមស៊ីវិលក្នុងខេត្តសរុប៣៥២នាក់ ។
មានប្រសាសន៍បូកសរុបទៅកាន់វេទិការនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងថ្លែងអំណរគុណចំពោះវត្តមានឯកឧត្ដម លោកជំទាវ លោក លោកស្រី ព្រមទាំងតំណាងសមាគម អង្គការសង្គមស៊ីវិល និងមន្ត្រីពាក់ព័ន្ធទាំងអស់ ដែលបានចំណាយពេលវេលា ដ៏មានតម្លៃអញ្ជើញចូលរួមប្រកបដោយភាពបុរេសកម្ម ក្នុងវេទិកានេះ និងបានដំណើរការទៅដោយរលូន ទទួលបាននូវលទ្ធផលវិជ្ជមាន និងផ្លែផ្កាគួរជាទីមោទនៈ ស្របតាមរបៀបវារៈ គោលបំណង និងផែនការដែលបានគ្រោងទុក ដោយមានការចូលរួមចែករំលែកនូវមេរៀន បទពិសោធន៍ និងមតិយោបល់យ៉ាងផុលផុសពីសំណាក់សមាជិក សមាជិកា នៃអង្គវេទិកាទាំងមូល ដែលសុទ្ធសឹងជាធាតុចូលដ៏សំខាន់ រួមចំណែកកំណត់បាននូវដំណោះស្រាយ យុទ្ធសាស្ត្រ និងវិធានការគាំទ្រដល់ការអនុវត្តការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅក្នុងមូលដ្ឋានខេត្តរបស់យើង ឲ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពថែមទៀត ។
ឯកឧត្តមបន្តថា ក្នុងនាមរដ្ឋបាលខេត្ត ស្នើដល់មន្ទីរ អង្គភាពពាក់ព័ន្ធ និងរដ្ឋបាលក្រុង ស្រុក ត្រូវបន្តយកចិត្តទុកដាក់អនុវត្តនូវដំណោះស្រាយដែលអង្គវេទិកាបានដាក់ចេញប្រកបដោយការទទួលខុស ត្រូវខ្ពស់ និងរៀបចំផែនការសកម្មភាពដោយ កំណត់ក្របខណ្ឌពេលវេលាអនុវត្តឲ្យបានជាក់លាក់ និងច្បាស់លាស់ ស្របតាមស្មារតីនៃ អង្គវេទិការបស់យើងរយះពេល២ថ្ងៃនេះ។ ទន្ទឹមនេះក្រុមការងារ បច្ចេកទេសខេត្តត្រូវចាត់ចែងបូកសរុបរបាយការណ៍ស្ដីពីលទ្ធផល នៃការរៀបចំវេទិកា ដោយបញ្ជាក់ឲ្យបានច្បាស់លាស់នូវបញ្ហាប្រឈមដែលត្រូវដោះសា្រយដោយរដ្ឋបាលខេត្ត និងបញ្ហាប្រឈមដែលត្រូវស្នើអន្តរាគមន៍ដោះស្រាយដោយថ្នាក់ជាតិ ដើម្បីផ្ញើជូនទៅ គ.ជ.អ.ប យ៉ាងយូរ ២សប្ដាហ៍បន្ទាប់ពីបញ្ចប់វេទិកានៅថ្ងៃនេះ ។
ជាទីបញ្ចប់នៃវេទិការនេះ ឯកឧត្តមអភិបាលខេត្តបានស្នើដល់ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី មន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងតំណាងសមាគម អង្គការសង្គមស៊ីវិលពាក់ព័ន្ធទាំងអស់ សូមបន្តការចូលរួម សហការ និងគាំទ្រដល់កិច្ចដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនេះ ឲ្យបានកាន់តែសកម្មប្រកបដោយផ្លែផ្កាថែមទៀត ទៅតាមតួនាទី ការទទួលខុសត្រូវ និងតាមវិស័យពាក់ព័ន្ធនានា សំដៅឈានទៅសម្រេចបាននូវគោលបំណងរួមរបស់យើង គឺការពង្រឹងគុណភាពសេវា និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រប្រកប ដោយប្រសិទ្ធភាព ដេីម្បីឆ្លើយតបទៅនឹងកម្មវត្ថុចម្បង នៃអង្គវេទិកា គឺ “ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០”៕គឹមសេង