កំពង់ឆ្នាំង៖ តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោកជំទាវកែ ច័ន្ទមុនី នៅព្រឹកថៃ្ងទី២៧ ខែតុលា ឆ្នាំ២០១៤ រួមដំណើរដោយ លោកជំទាវ ប៉ាល់ យឿនអភិបាលរងខេត្ត លោជំទាវតុង ណារី សមាជិកក្រុមប្រឹក្សាខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជា នៅក្នុងស្រុករលាប្អៀរ បាន
ចុះសាកសួរសុខទុក្ខនិងនាំយកថវិកាជូនគ្រួសារយុវជន សួន រដ្ឋា ដែលត្រូវក្រុមចោរប្រដាប់អាវុធមួយក្រុមបានប្លន់បាញ់សម្លាប់ប្លន់យកមាស កាលពីវេលាម៉ោង៤និង៥៩នាទីថៃ្ងទី២១ ខែតុលា ឆ្នាំ២០១៤នៅមុខផ្ទះ ផ្សារព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ។
លោកជំទាវតុង ណារី បានអោយដឹងថា៖ថវិកាដែលលោកជំទាវបានយកមកជូនគ្រួសារយុវជនរងគ្រោះមានចំនួន៥១ម៉ឺនរៀល គឺជាថវិការបស់លោកជំទាវ កែ ច័ន្ទមុនី និងថវិការបស់សហភាពសហព័ន្ធយុវជនកម្ពុជាស្រុករលាប្អៀរ។មានប្រសាសន៍នៅក្នុងឱកាសនោះលោកជំទាវ កែ ច័ន្ទមុនី
បានពាំនាំប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខសូមចូលរួមរំលែកទុក្ខនិងចូលរួមសោកស្តាយ ពីសំណាក់សម្តេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនិងសម្តេចគតិព្រឹទ្ធប៊ុនរ៉ានីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជា ជាមួយក្រុមគ្រួសារនៃសពយុវជនសួន រដ្ឋា ដែលត្រូវក្រុមចោរប្លន់ប្រដាប់អាវុធបាញ់សម្លាប់ប្លន់យកមាសកន្លងមកថ្មីៗនេះ។លោកជំទាវ កែ ច័ន្ទមុនី សំណូមពរសុំអោយលោកស្រី សុខ ដែលត្រូវជាម្តាយជនរងគ្រោះត្រូវថែទាំថែរក្សាកូនស្រីដែលកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យអោយឆាប់ជា ហើយសុំអោយលោកស្រីត្រូវចេះថែរក្សាសុខភាពខ្លួនឯងអោយបានល្អដើម្បីចិញ្ចឹមនិងថែរក្សាកូនៗបន្តទៅថៃ្ងមុខទៀត។ ប្រភពពីសមត្ថកិច្ចម្នាក់បានអោយដឹងថា៖នៅថ្ងៃទី២៤ ខែតុលា សម្ថកិច្ចនគរបាលស្រុករលាប្អៀរបានរុករកឃើញ ម៉ូតូឌ្រីមមួយគ្រឿងអត់ស្លាកលេខ ត្រូវបានគេផ្លុងចោល
នៅក្នុងព្រៃទំនប់ទឹកឈ្វាំង ក្នុងឃុំរលាប្អៀរ ស្រុករលាប្អៀរ ដែលគេសង្ស័យថាជាម៉ូតូរបស់ក្រុមចោរប្លន់ប្រឌាប់អាវុធ។ម៉ូតូនេះត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកក្នុងស្នងការដ្ឋាននគរបានខេត្ត ដើម្បីបន្តធ្វើការស្រាវជ្រាវរកមុខសញ្ញាជនល្មើសទាំងនោះទៀត។ មកដល់ថ្ងៃនេះសមត្ថកិច្ចជំនាញរបស់ស្រុករលាប្អៀរ និងស្នងការនគរបាលខេត្ត ពុំមានអ្នកណាម្នាក់ប្រាប់អ្នកកាសែតថា បានរកឃើញពន្លឺ ឬរកមិនឃើញពន្លឺនៃក្រុមចោរប្លន់ប្រដាប់អាវុធខាងលើនេះឡើយ ដោយប្រាប់ថាកំពុងធ្វើការស្រាវជាវៗ..៕