ក្រុងប៉ោយប៉ែត នឹងមានគម្រោងអភិវឌ្ឍន៍ “ ទីក្រុងគួរឱ្យចង់រស់នៅ “

0

បន្ទាយមានជ័យ៖ ក្រុងប៉ោយប៉ែត នឹងមានគម្រោងអភិវឌ្ឍន៍ “ ទីក្រុងគួរឱ្យចង់រស់នៅ “ ដែលជាគំនិតផ្ដួចផ្ដើមដោយរាជរដ្ឋាភិបាលកម្ពុជា នឹងអនុវត្តន៍នាដើមឆ្នាំ២០២៥ ខាងមុខនេះ ដែលគ្រោងត្រៀមចាយថវិកាប្រមាណ ១២០លានដុល្លារសហរដ្ឋអាមេរិក លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត បានថ្លែងដូច្នេះនាពិធីអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាពក្រុងនាថ្ងៃទី២៥ តុលា ២០២៤។

រដ្ឋបាលក្រុងប៉ោយប៉ែត ធ្វើកម្មវិធីអនាម័យបរិស្ថាន ដើម្បីលើកកម្ពស់សោភ័ណភាព និងដាស់ស្មារតីឲ្យពលរដ្ឋចូលរួមវិចខ្ចប់ទុកដាក់សំរាម ឲ្យមានរបៀបរៀបរយ នៅតាមបណ្តោយផ្លូវជាតិលេខ៥ ចាប់ពីចំណុចភ្លើងស្តុបផ្សារកណ្តាល ទៅកាន់រង្វង់មូលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ប្រមាណ៥គីឡូម៉ែត្រ។ ការធ្វើអានាម័យបរិស្ថាន មានការចូលរួមពី កងកម្លាំង មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ក្រុមហ៊ុនស៊ីនទ្រី សរុបប្រមាណ ៤០០នាក់ រួមគ្នាធ្វើអនាម័យ បរិស្ថាន គោលបំណងលើកកម្ពស់សោភ័ណភាព និងការទាក់ទាញ ខណៈក្រុងប៉ោយប៉ែត មានភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ឆ្លងកាត់ជារៀងរាល់ថ្ងៃ។

លោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់ថា៖ ការសំអាតអនាម័យបរិស្ថាន រើសសំរាម និងការផ្សព្វផ្សាយក្នុងគោលបំណងលើកកម្ពស់គុណភាពបរិស្ថាន និងអនាម័យ តាមរយៈការធ្វើអនាម័យបរិស្ថានរួមគ្នា ផ្សព្វផ្សាយដល់សាធារណជនទូទៅ ឲ្យមានការគិតគូរអំពីការសំអាតអនាម័យបរិស្ថាន។

លោក អភិបាលក្រុងប៉ោយប៉ែត បញ្ជាក់ថា៖ ការទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ចោលសំរាមឲ្យចំធុងសំរាម អនាម័យបរិស្ថាន ដីស្អាត ខ្យល់ស្អាត និងទឹកស្អាត សំដៅបំបាត់ឱ្យខាងតែបាននូវភាពកខ្វក់ សំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលម្អគុណភាពបរិស្ថានក្រុងឲ្យមានសោភ័ណភាព មានផាសុកភាពសម្រាប់ការរស់នៅរបស់ប្រជាពលរដ្ឋ៕
ដោយ៖ឃិន គន្ធា