ឯកឧត្ដម​ អ៊ុន​ ចាន់ដា​ ប្រគល់ផ្ទះមនុស្សធម៌ទី២២ ជូនទុរគតជនជរា ១នាក់ នៅឃុំជយោ ស្រុកចំការលើ​

0

កំពង់ចាម​:​ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម​ និងជាប្រធានគណៈកម្មាធិការសាខា​កាកបាទក្រហម​ខេត្ត​ ដោយ​មានការនិមន្ត​ និង​អញ្ជើញចូលរួមពីព្រះមន្ត្រីសង្ឃ​ និង​មន្ត្រី​រាជការ​​ នាព្រឹកថ្ងៃទី​២៧​ ខែតុលា​​​ ឆ្នាំ​២០២៤នេះ​ បានប្រគល់ផ្ទះ ដែលជាកម្មវិធីផ្ទះមនុស្សធម៌ខេត្ត ក្រោមកិច្ច សហការ រវាងសាខាកាកបាទក្រហមកម្ពុជាខេត្ត សាលាគណខេត្ត និង ការផ្តល់ថវិកាបដិភាគពីអនុគណស្រុក រួមទាំងសប្បុរសជន ជូនទុគតជនជរាគ្មានទីពឹង ឈ្មោះ បួ កប អាយុ ៥៩ឆ្នាំ  រស់នៅ  ភូមិត្រពាំងឬស្សី ឃុំជយោ ស្រុកចំការលើ ។

គួររំលឹកថា លោកតា បួ កប រស់នៅម្នាក់ឯង គ្មានប្រពន្ធកូនទេ កន្លងមកគាត់ធ្លាប់រស់នៅជាមួយបងប្រុស ក្នុងភូមិនេះដែរ ប៉ុន្តែដោយសារគាត់មានសតិមិនសូវគ្រប់ ធ្ងន់ត្រចៀក ហើយមិនចេះរកស៊ីទៀត ធ្វើអោយការរស់នៅជាមួយបងប្អូនមិនចុះសម្រុងគ្នា ។ បច្ចុប្បន្នគាត់រស់នៅពឹងអាស្រ័យ តែលើការជួយរបស់រាជរដ្ឋាភិបាលកម្ពុជា  តាមរយៈ ប័ណ្ណសមធម៌ ក្រ ១ និងការជួយឧបត្ថម្ភចំណីអាហារពីអ្នកជិតខាងប៉ុណ្ណោះ ។ ទុរគតជនជរា រូបនេះ ពុំមានដីផ្ទាល់ ខ្លួនទេ តែដោយក្តីអាណិតអាសូរ លោក ម៉េត គឿន សុខចិត្តបរិច្ចាគ ដីភូមិរបស់គាត់ ទំហំ ១០ម × ១២ម ជូន លោកតា បួ កប រស់នៅអស់មួយជីវិត តែមិនប្រគល់អោយជាកម្មសិទ្ធិទេ​ ។

ដោយមើលឃើញពីស្ថានភាពលំបាកនេះ ឯកឧត្តម អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខា បានសម្រេចផ្តល់ជូនផ្ទះ​ឈើខ្ពស់ផុតពីដី ប្រក់ស័ង្កសីភ្លីធំ (ទំហំ៤ម × ៦ម) ១ខ្នង រួមជាមួយបង្គន់អនាម័យ ១បន្ទប់ តម្លៃសរុបប្រមាណជិត១២លានរៀល​ រួមទាំងបន្ថែមអណ្តូងស្នប់​១ទៀត​ ជាថវិកាបដិភាគ របស់សាខា សាលាគណ សាលាអនុគណ អនុសាខាស្រុក ចៅអធិការវត្តទូទាំងស្រុកចំការលើ និងសប្បុរសជន ជូនលោកតា បួ កប សម្រាប់ស្នាក់នៅ តទៅ។​ ព្រមទាំងផ្តល់សម្ភារសម្រាប់សង្កត់ផ្ទះថ្មី​ រួមមានអង្ករ ៥០គក្រ, ត្រីខ ២០កំប៉ុង, ទឹកត្រី ១២ដប ទឹកស៊ីអ៊ីវ ១២ដប, មី ២កេស, ឃីត ២សម្រាប់,  អាវយឺត ១២ , សាប៊ូ ១៦ដុំ , សម្ភារផ្ទះបាយ និង ថវិការ​ ២០ម៉ឺនរៀល​ ។
ដោយឡែក លោកតា លោកយាយ ដែលចូលរួមជាសាក្សី ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មីនេះ  ចំនួន ១២នាក់ ក្នុងម្នាក់ៗ ទទួលបាន  អង្ករ ត្រីខ មី ទឹកត្រី ទឹកស៊ីអ៊ីវ ឃីត និង អាវយឺត  ព្រមទាំង ថវិកាចំនួន ២ម៉ឺនរៀល​ផងដែរ  ៕