កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤នេះ បាននាំយកពូជស្រូវ របស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈប្រព័ន្ធស្បៀងបម្រុង ប្រមាណ ៨,៣តោន ផ្តល់ជូនប្រជាកសិករ ចំនួន ៨៣គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គ នៅឃុំទួលព្រះឃ្លាំង ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានសម្រេចផ្តល់នូវពូជស្រូវជាប្រព័ន្ធស្បៀងបំរុង កម្ពុជាចំនួន ៨.៣០០គីឡូក្រាម ជូនដល់បងប្អូនប្រជាកសិករ ៨៣គ្រួសារ ដោយក្នុង ១គ្រួសារ ចំនួន ១០០គីឡូក្រាម ដើម្បីធ្វើការដាំដុះស្តារឡើងវិញ បន្ទាប់ពីរងគ្រោះដោយជំនន់ទឹកទន្លេមេគង្គ នាពេលកន្លងមក ព្រមទាំងចាត់មន្ត្រីជំនាញឱ្យចុះបង្ហាត់បង្រៀនពីរបៀបនៃការដាំដុះផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានសង្កត់ធ្ងន់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសំរិតសម្រាងពូជជូនហើយ គឺពូជស្រូវ OM5451 ជាពូជដែលមិនប្រកាន់ចំពោះរដូវកាលទេ ហើយរយៈពេលនៃការប្រមូលផលគឺ ៩០ទៅ៩៥ថ្ងៃ នេះជារយៈពេលខ្លី ដែលអាចទទួលបានទិន្នផលខ្ពស់ ដូច្នេះនៅពេលដែលបងប្អូនទទួលបានពូជស្រូវនេះហើយ សូមយកទៅធ្វើការដាំដុះឱ្យបានទាន់ពេលវេលា ដើម្បីស្តារជីវភាពគ្រួសារឡើងវិញ ។
ជាមួយគ្នានោះ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមចំណែកថែរក្សាអនាម័យ លំនៅដ្ឋាន តាមរយៈ ការរស់នៅស្អាត ហូបស្អាត និងផឹកស្អាត ដើម្បី ថែទាំសុខភាព កុំឱ្យមានជម្ងឺដង្កាត់ផ្សេងៗកេីតឡេីង ដែលនាំឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ ហើយបេីមានករណីមិនស្រួល គឺត្រូវប្រញាប់ប្រញាល់ទៅកាន់មន្ទីរពេទ្យ ដើម្បីទទួលការព្យាបាលភ្លាមៗ ផងដែរ ៕