ប្រជាពលរដ្ឋជាង ៦ម៉ឺននាក់ បានចូលរួមគាំទ្រ និងអបអរសាទរពិធីប្រណាំងទូក ង នៅខេត្តស្ទឹងត្រែង

0

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋខេត្តស្ទឹងត្រែង និងអ្នកទេសចរជាង ៦ម៉ឺននាក់ បានចូលរួមគាំទ្រ និងអបអរសាទរពិធីប្រណាំងទូក ង នៅខេត្តស្ទឹងត្រែង  រយៈពេល ២ថ្ងៃ (២៦-២៧តុលា២០២៤) ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសព្វរបស់ អភិបាលខេត្ត លោក សរ សុពុត្រា និងក្រោមការរៀបចំរបស់ គណៈកម្មការប្រណាំងទូកខេត្ត ធ្វើឱ្យពិធីប្រណាំងទូក ប្រព្រឹត្តទៅតាមលក្ខណៈបច្ចេកទេស បានយ៉ាងល្អប្រសើរ ។

ចំណែកទូក ដែលទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងចំណោមទូកទាំង ១២គូ ស្មើនឹង ២៤ទូក គឺ ទូកឈ្មោះ ”កសិកម្មមានជ័យសិរីរុក្ខាជលសារមានឬទ្ធិ” របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្ទឹងត្រែង ដែលមាន លោក ទុំ នីរ៉ូ ជាប្រធានមន្ទីរ ។

អភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា មានប្រសាសន៍ថា នេះជាការអនុវត្តបានយ៉ាងត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស  ហើយយើងបានបង្ហាញពីការចូលរួម ប្រកបដោយភាពសប្បាយរីករាយ និងបានលើកកម្ពស់ការថែរក្សា អភិរក្សវប្បធ៌ម ប្រពៃណី នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក  ដែលបានរៀបចំធ្វើឡើង នៅក្នុងខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ទៅតាមទំនៀមទំលាប់ ។

លោកអភិបាលខេត្ត មានប្រសាសន៍ទៀតថា  ការរៀបចំពិធីប្រណាំងទូកនៅខេត្តស្ទឹងត្រែង បានបង្កឱកាសឱ្យប្រជាពលរដ្ឋបានសប្បាយរីករាយផង និងបានបង្ហាញពីភាពស្និតស្នាល រវាងថ្នាក់ដឹកនាំមន្ទីរ ស្ថាប័ន កងកម្លាំងទាំង៣ ក្នុងការរួមសាមគ្គីគ្នា ធ្វើដំណើរជាមួយគ្នា  ក្រោមដំបូលសន្តិភាពតែមួយ ។

លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានបន្តថា ពិធីប្រណាំងរយៈពេលពីរថ្ងៃនេះ ជាជោគជ័យដ៏ធំធេងសម្រាប់ខេត្តស្ទឹងត្រែង និងបានបង្កលក្ខណៈល្អប្រសើរ ជូនបងប្អូនអាជីវករក៏ដូចអ្នកលក់ដូរ ទទួលបានប្រាក់ចំណូល ។ ចំណែកទូកក៏យើងបានរកឃើញទូកដែលទទួលបានចំណាត់ថ្នាក់លេខ១-លេខ២ និងលេខ៣ សម្រាប់ខេត្តស្ទឹងត្រែង ផងដែរ ។

ប្រធានគណៈកម្មការរៀបចំការប្រណាំងទូកខេត្តស្ទឹងត្រែង លោក ហ៊ាង ប៉ូលី បានបញ្ជាក់ថា ឆ្នាំនេះមានទូកចំនួន២៤ ដែលបានចូលរួមប្រណាំង   ហើយក្រុមកីឡាករ ចំណុះទូកនីមួយៗ មានចំនួន ២២នាក់ មកពីបណ្តាក្រុង ស្រុកទាំង៦ មន្ទីរ និងអង្គភាពជុំវិញខេត្ត បានខិតខំប្រឹងប្រែងអុំ ទៅតាមបច្ចេកទេសរៀងៗខ្លួន ដើម្បីដណ្តើមយកចំណាត់ថ្នាក់ល្អ ជូនក្រុម និងកេរ្តិ៍ឈ្មោះជូនអង្គភាព និងស្រុក ក្រុងរបស់ខ្លួន ។

លោក ហ៊ាង ប៉ូលី បានបន្តថា ដើម្បីសុក្រិត្យភាព  ជាលទ្ធផល នៃការប្រណាំងទូកនេះ  គណៈកម្មការបច្ចេកទេស បានប្រើឧបករណ៍ចុចកំណត់ថេរវេលា គិតជានាទីតាមការប្រណាំងជើងនិមួយៗ ទាំងខ្សែទឹកខាងក្នុង និងខ្សែទឹកខាងក្រៅ ចំពោះទូកណាមានថេរវេលាតិចជាងគេ ទទួលបានចំណាត់ថ្នាក់លេខ១ ដូចជាទូកឈ្មោះ “កសិកម្មមានជ័យសិរីរុក្ខាជលសារមានឬទ្ធិ” ប្រើថេរវេលា ៤នាទី និង ៤១ វិនាទី។

សូមបញ្ជាក់ថា ការប្រណាំងទូករយៈពេល ២ថ្ងៃនេះ ទូកលេខ១ ទទួលបានការឧបត្ថម្ភ ពីអភិបាលខេត្តស្ទឹងត្រែង លោក សរ សុពុត្រា នូវថវិកា ២លានរៀល ពាន១ និងទង់កិត្តិយស១ ។ ទូកលេខ២ ថវិកា ១លាន ៥សែនរៀល ពាន១ និងទង់កិត្តិយស១ និងទូកលេខ៣ ទទួលបានថវិកា ១លានរៀល ពាន១ និងទង់កិត្តិយស១ ។ ចំណែក ទូកផ្សេងៗទៀត ទទូលបានថវិកា ៥០ម៉ឺនរៀល ពាន១ និងទង់កិត្តិយស១ ដូចៗគ្នា ។

ក្នុងពិធីប្រណាំងទូកនេះ រដ្ឋបាលខេត្ត និងក្រុងស្ទឹងត្រែង បានកែលំអរសោភណ្ឌភាពក្នុងក្រុង ដោយតុបតែងភ្លើងព័ណ៌ តាមដើមឈើ តាមស្ពាននានា នៅប្របនឹងមាត់ទន្លេសេកុង និងរៀបចំសណ្តាប់ធ្នាប់ ការពារសន្តិសុខបានយ៉ាងល្អ និងក៏មានការប្រគុំតន្ត្រី និងប្រដាល់ក្បាច់គុណបុរាណខ្មែរ សម្តែងសិល្បះខ្មែរ-ជនជាតិដើមភាគតិច បាញ់កាំជ្រួច ដាក់តាំងពិណ័ណ៌ផលិតផលចម្រុះ ដើម្បីស្វាគមន៍អ្នកទេសចរ ដែលបានចូលមកកម្សាន្ត នៅក្នុងពិធីប្រណាំងទូករយៈពេល ២ថ្ងៃ កន្លងទៅនេះ៕ដោយ៖ឡុង សំបូរ