ដោយ សេង ណារិទ្ធ
ខេត្តកែប: កិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ស្តីពីការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ឆ្នាំ២០២៤-២០២៨ និងបូកសរុបលទ្ធផលការងារ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ៩ខែ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្ដម ឌី សុផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ជើញចូលរួមពី ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត កងម្លាំងទាំងបីប្រភេទ អភិបាលក្រុង/ស្រុក លោក/លោកស្រីប្រធានមន្ទីរជុំវិញខេត្ត និងអាជ្ញធរពាក់ព័ន្ធផងដែរ។
តាមរបាយការណ៍ស្វាគមន៍របស់ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្ត បានអោយដឹងថា លទ្ធផលនៃការចាត់តាំងអនុវត្តគោលនយោបាយ “ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព” ដែលរដ្ឋបាលខេត្តសម្រេចបានលទ្ធផលល្អប្រសើរក្នុងរយៈពេល ៩ខែ ដើមឆ្នាំ២០២៤ នេះ ដោយបានទទួលការគាំទ្រ និងសហការពីមន្ទីរ អង្គភាព និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាក់ បានចូលរួមអនុវត្តតួនាទី ភារកិច្ច ប្រកបដោយការយកចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ មានផែនការសកម្មភាពការងារច្បាស់លាស់ និងគ្រប់គ្រងកម្លាំងបានត្រឹមត្រូវ ដើម្បី អន្តរាគមន៍ និងដោះស្រាយបញ្ហាផ្សេងៗបានទាន់ហេតុការណ៍ និងទាន់ពេលវេលាតាមការព័ត៌មាន ឬបណ្តឹង របស់បងប្អូនប្រជាពលរដ្ឋ ។ ឯកឧត្តមបន្ដថា កន្លងមកគណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត បានគ្រប់គ្រងមុខសញ្ញាជនល្មើស ឬជនសង្ស័យបានច្បាស់លាស់ មន្រ្តីប៉ុស្តិ៍រដ្ឋបាលឃុំ សង្កាត់ប្រចាំការ ២៤លើ២៤ម៉ោង ដោយមានស្នាក់ការ និងមធ្យោបាយសម្រាប់ប្រជាពលរដ្ឋទំនាក់ទំនង និងបំរើសេវាជូនប្រជាពលរដ្ឋនៅមូលដ្ឋាន ។ ក្នុងនោះដែរ ឯកឧត្តមក៏បានបញ្ជាក់ថា ករណីការជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ អំពើហឹង្សាក្នុងគ្រួសារ និងសកម្មភាពក្មេងទំនើងពុំមានកើតឡើងឡើយ។
មានប្រសាសន៍ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ឌី សុផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានកើតសរសើរ និងវាយតម្លៃខ្ពស់ចំពោះឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំង-ប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្ត ដែលបានខិតខំប្រឹងប្រែងរូមគ្នាយ៉ាងសកម្ម ក្នុងការបំពេញតួនាទី- ភារកិច្ច ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផលក្នុងការធានាថែរក្សាសុខ-សន្តិភាព ស្ថិរភាពនយោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ការលើកកម្ពស់លទិ្ធប្រជាធិបតេយ្យ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលកំពុងដឹកនាំនាវាកម្ពុជាឆ្ពោះទៅរកវិបុលភាព ការអភិវឌ្ឍរីកចម្រើន ប្រកបដោយចីរភាព និងបរិយាប័ន្ន។
ដើម្បីរក្សាអោយបាននូវភូមិ ឃុំ សង្កាត់មានសុវត្តិភាព ឯកឧត្តម បានជម្រុញអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បន្តអនុវត្តនូវលក្ខនៈសម្បត្តិទាំង ៧ចំណុច នៃចលនាភូមិឃុំសង្កាតមានសុវត្ថិភាព ដូចជា ការផ្តល់សេវាសាធារណៈ , គ្មានបទល្មើស លួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់, រក្សាសណ្តាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ចរាចរណ៍, គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្ស ពិសេសស្រី្ត និងកុមារ គ្មានអំពើហិង្សាក្នុងគ្រួសារ និងគ្មានក្មេងទំនើង, ការដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាពនិងប្រសិទ្ធភាពខ្ពស់។
សូមជម្រាបថា បន្ទាប់ពីចប់កិច្ចប្រជុំនេះ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប បានអញ្ជើញចុះត្រួតពិនិត្យនូវស្ថានភាពទឹកភ្លៀង នៅតាមដងផ្លូវ និងទីតាំងសំខាន់ៗមួយចំនួន ក្នុងនោះឯកឧត្តមបណ្ឌិត បានណែនាំដល់មន្ទីរជំនាញ និងអាជ្ញធរក្រុង/ស្រុក ត្រូវត្រួតពិនិត្យស្ថានភាពទឹកភ្លៀងជាប្រចាំ និងត្រៀមបង្ការអោយល្អ ដើម្បីការពារហានិភ័យណាមួយកើតឡើងជាយថាហេតុ៕