សាលាឧទ្ធរណ៍តំបន់បាត់ដំបងតម្កល់ការផ្តន្ទាទោសឃាតករសម្លាប់ឪពុកចុងឲ្យជាប់គុកមួយជីវិត

0

ដោយ ឃិន គន្ធា
បាត់ដំបង៖ សាលាឧទ្ធរណ៍តំបន់បាត់ដំបងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤ បានប្រកាសសាលដីកា តម្កល់ការសម្រេចរបស់សាលាដំបូងខេត្តបាត់ដំបងដែលបានផ្តន្ទាទោសឲ្យឃាតកចាក់សម្លាប់ឪពុកចុងយ៉ាងព្រៃផ្សៃនៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីចុងឆ្នាំ២០២៣នោះ ឲ្យជាប់គុកអស់មួយជីវិត។
នេះបើតាមប្រភពប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃទី២៥ខែតុលាឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី១៣ ធ្នូ ឆ្នាំ២០២៣ នៅភូមិសាមគ្គី ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មានឃាតកម្មដ៏សាហាវមួយបានកើតឡើង ដោយកូនដើមរមិលគុណ ឈ្មោះវណ្ណាវី វិជ្ជនៈហៅដែន បានប្រើកាំបិតចុងស្រួចចាក់ឪពុកចុងឈ្មោះ ហៃ សុភ័ក្ត្រ អាយុ៦៥ឆ្នាំ អតីតមន្រ្តីនគរបាលចូលនិវត្តន៍បណ្តាលឲ្យស្លាប់នៅក្នុងថ្លុកឈាម។
សមត្ថកិច្ចបានឲ្យដឹងថា : ក្រោយពីបានសម្លាប់ឪពុកចុងទាំងកំរោលហើយ ឃាតករូបនោះបានរត់គេចខ្លួនពីកន្លែងកើតហេតុ ទៅកាន់គោលដៅលាក់ខ្លួនជាច្រើនកន្លែងដើម្បីបង្វែងដានពីសមត្ថកិច្ច។ លុះគេចខ្លួនបានត្រឹមតែជិតមួយសប្តាហ័ ក៏ត្រូវកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ និងនគរបាលខេត្តបាត់ដំបង ដោយសហការជាមួយនគរបាលខេត្តពោធិ៍សាត់ បានចាប់ខ្លួនឃាតករូបនោះនៅមុខកាស៊ីណូអន្តរជាតិដាយមិនស្ថិតក្នុងភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

សមត្ថកិច្ចបានឲ្យដឹងបន្តថា : បន្ទាប់ពីចាប់ខ្លួនបានសមត្ថកិច្ចបានបញ្ជូនជននោះទៅតុលាការតាមនីតិវីធី ហើយសាលាដំបូងខេត្តបាត់ដំបង បានផ្តន្ទាទោសឈ្មោះវណ្ណាវី វិជ្ជន:ហៅដែន ភេទប្រុស អាយុ៣៦ឆ្នាំឲ្យជាប់ពន្ធនាគារ ” អស់មួយជីវិត” ពីបទ”ឃាតកម្មគិតទុកជាមុន” និងបានបង្គាប់ឲ្យសងជំងឺចិត្តទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ហៃ លក្ខិណា ដែលត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះ ចំនួន១.០០០លានរៀល ។
ក្រោយមកភាគីជនល្មើសក៏បានប្រើសិទ្ធិប្តឹងជំទាស់ពីការសម្រេចផ្តន្ទាទោសរបស់សាលាដំបូងខេត្តបាត់ដំបង់ដែលឲ្យជាប់គុគអស់មួយជីវិតនិង សង១.០០០លានរៀលនោះ ទៅសាលាឧទ្ធរណ៍តំបន់បាត់ដំបង។
នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤  សាលាឧទ្ធរណ៍តំបន់ ក៍បានបើកសវនាការលើសំណុំរឿងឃាតកម្មគិតទុកជាមុននេះ។
លុះដល់ថ្ងៃទី២៣ ខែតុលា សាលាឧទ្ធរណ៍ក៏បានប្រកាសសាលដីកាព្រហ្មទណ្ឌនេះជាសាធារណៈ ដោយបានសម្រេចរក្សាទុកជាបានការរបស់សាលក្រមសាលាដំបូងខេត្តបាត់ដំបង ដែលបានផ្តន្ទាទោសជនជាប់ចោទ ឈ្មោះវណ្ណាវី វិជ្ជន:ហៅដែន ឲ្យជាប់គុកអស់មួយជីវិតដដែល ។

ក៏ប៉ុន្តែសាលាឧទ្ធរណ៍បានសម្រេចបន្ថយសំណងជំងឺចិត្តពី១.០០០លានរៀល ឲ្យមកនៅត្រឹម៦០០លានរៀលវិញ ។ រីឯនៅក្នុងដំណើរការសំណុំរឿងនៅគ្រប់ដំណាក់កាលរហូតដល់ជំនំជម្រះ ទាំងជនជាប់ចោទនិងដើមបណ្តឹងរដ្ឋប្បវេណី សុទ្ធតែមានមេធាវីជាច្រើននាក់ការពារសិទ្ធិទៅតាមនីតិវិធីច្បាប់រៀងៗខ្លួន។
សូមបញ្ជាក់ថា ជនរងគ្រោះដែលជាអតីតមន្រ្តីនគរបាល គាត់បានក្លាយជាប្តីចុងរបស់អ្នកស្រី ថោង ណាវី ជាម្តាយឃាតកនេះ  តាំងតែពីឈ្មោះ វណ្ណាវី វិជ្ជន:ហៅដែន នៅតូច ហើយគាត់បានចិញ្ចឹមបីបាច់ថែរក្សានិងបានចាត់ទុកដូចជាកូនបង្កើតរបស់ខ្លួននៅក្នុងគ្រួសារតែមួយ។
ប៉ុន្តែលុះដល់ វណ្ណាវី វិជ្ជន:ហៅដែនជាឃាតកនេះ ចម្រើនវ័យនិងធំឡើង បានទៅរៀននៅក្នុងនិងក្រៅប្រទេសរហូតទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកព័ត៌មានវិទ្យានៅប្រទេសអូស្រ្តាលី ហើយវិលមកប្រទេសវិញ។
ដោយបុគ្គលនេះមានអត្តចរិតមិនល្អ និងប្រាស្រ័យទាក់ទងតែនឹងមជ្ឈដ្ឋានខាងក្រៅ កូនដើមរូបនេះមិនសូវស្តាប់ដំបូន្មានគ្រួសារឡើយ  ហើយតែងតែបង្ករឿងគ្រប់បែបយ៉ាងនឹងឪពុកចុងរបស់ខ្លួននិងអុកឡុកក្នុងគ្រួសារជានិច្ច ។
នៅមុនពេលកើតហេតុ ជនជាប់ចោទនិងជនរងគ្រោះបានកើតមានទំនាស់ជាមួយនឹងគ្នាជាញឹកញាប់ ។
ជនរងគ្រោះជាឪពុកចុងដែលមានវ័យចំណាស់បន្តិចនោះ គឺរស់នៅក្នុងភាពភ័យខ្លាច  បៀមទុក្ខនិងរងការគម្រាមកំហែងអាយុជីវិតជាបន្តបន្ទាប់ ។ ជាមួយនោះជនជាប់ចោទរៀបចំគម្រោងសម្លាប់ជនរងគ្រោះដែលជាឪពុកចុងនេះ ។
ទីបំផុត ឃាតកបានបើកម៉ូតូម្នាក់ឯងពីក្រុងបាត់ដំបង មកដល់ផ្ទះជនរងគ្រោះនៅស្រុកភ្នំព្រឹកមកដល់នៅពេលព្រលប់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ ទាំងខ្លួនកំពុងស្រវឹងស្រានិងមានកំហឹងពុះកញ្ជ្រោលយ៉ាងខ្លាំង ។
ជនជាប់ចោទទុកម៉ូតូក្រៅរបង រួចទៅផ្តាច់ភ្លើងនិងកាមរ៉ាសុវត្ថិភាពក្នុងផ្ទះ ហើយសម្រុកចូលទៅចាក់នឹងកាំ.បិតចុងស្រួចលើជនរងគ្រោះពីផ្នែកខាងក្រោយជាច្រើនកន្លែងបណ្តាលអោយដេកដួលក្នុងថ្លុកឈាម ហើយបានស្លាប់។
រូបភាពឃ្លីបវីដេអូក្នុងកាមរ៉ាសុវត្ថិភាពរបស់ផ្ទះនៃជនរងគ្រោះ ដែលថតនៅម្តុំថ្ងៃទី១០ខែវិច្ឆិកាឆ្នាំ២០២៣ គេបានឃើញជនជាប់ចោទនេះបានធ្វើអាកប្បកិរិយាព្រហើនកោងកាច ប្រើកាំ.បិតចុងស្រួចសង្កួត ចាក់តុបាយជាច្រើនដងនិងរូបភាពបន្ទាប់មកទៀត ឃើញទៅបុកទ្វារបន្ទប់ដេក គម្រាមជីវិតជនរងគ្រោះផងដែរ ។
និងរូបភាព១ទៀតថតនៅម៉ោង៦និង៤២នាទីយប់ថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ គឺបន្ទាប់មានចរន្តអគ្គិសនីនិងកាមរ៉ាដើរឡើងវិញ ហើយក្នុងផ្ទះក៏មានភ្លើងភ្លឺ គេឃើញកៅអីដែលជនរងគ្រោះអង្គុយ បានដួល ។

យោងប្រភពខាងលើបានបន្តទៀតថា  នៅឯពេលសួរចម្លើយនិងសួរបំភ្លឺវិញ ការផ្តល់ភស្តុតាងនិងសាក្សី ទាំងក្នុងអង្គហេតុ ទាំងក្នុងអង្គច្បាប់ នៅកន្លែងសមត្ថកិច្ចនគរបាល ,នៅតំណាងអយ្យការនិងចៅក្រមស៊ើបសួរ ក៏ដូចក្នុងពេលសវនាការជំនំជម្រះចំពោះមុខ បានបង្ហាញថា : ជនជាប់ចោទបានបង្កហេតុ មានកំហឹង គុំគួននិងរៀបចំគម្រោងឃា.តកម្មនេះយ៉ាងពិតប្រាកដ ។
ហេតុដូច្នេះហើយ នៅពេលកើតហេតុ ជនជាប់ចោទនេះបានប្រើកាំបិ.តចុងស្រួចវាយប្រហារពីក្រោយខ្នងជនរងគ្រោះដោយមិនអោយតដៃបាន ដូចជា ចាក់លិចជ្រៅៗច្រើនកាំបិតចំកញ្ចឹងក ត្រចៀកខាងស្តាំ ស្មារខាងឆ្វេង ត្រចៀកខាងឆ្វេងបណ្តាលអោយដួលស្លាប់ក្នុងថ្លុកឈាម។

ទោះជាយ៉ាងនេះក្តី ក៏ឃាតកនៅបានឆ្លើយបដិសេធនិងផ្លាស់ប្តូរចម្លើយក្នុងគោលបំណងគេចវេះ នៅពេលបំភ្លឺទៅសមត្ថកិច្ចអនុវត្តច្បាប់ទាំងនៅដំណាក់កាលស្រាវជ្រាវ ,ការស៊ើបសួរនិងដំណាក់កាលជំនុំជម្រះ  ហើយក៏ស្នើសុំប្តូរបទចោទផងដែរ ។

ប៉ុន្តែបើទោះជាយ៉ាងណាក៏ដោយ នៅទីបំផុតសាលាឧទ្ធរណ៍តំបន់ក្នុងខេត្តបាត់ដំបង ក៏បានផ្តល់នូវយុត្តិធម៌ពិតប្រាកដដល់ជនរងគ្រោះក៏ដូចជាគ្រួសារកូនចៅជនរងគ្រោះ ដោយប្រកាសសាលដីកាផ្តន្ទាទោសឃាតកឲ្យជាប់ពន្ធនាគារអស់មួយជីវីតនិងចេញសងជំងឺចិត្តមកដើមបណ្តឹងរដ្ឋប្បវេណីពោលគឺកូនស្រីអ្នកស្លាប់ចំនួន៦០០លានរៀល ។

ក្រុមគ្រួសារជនរងគ្រោះសូមគោរពជូនពរនិងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំ មន្ត្រីសមត្ថកិច្ចស្ថាប័នអនុវត្តច្បាប់គ្រប់ថ្នាក់ក្រោមដំបូលនៃរាជរដ្ឋាភិបាលកម្ពុជា ដែលបានបំបែកសំណុំរឿងឃាតកម្មគិតទុកជាមុនមួយនេះ ។នេះជាសក្ខីភាពនៃការផ្តល់នូវជំនឿទុកចិត្ត , ភាពកក់ក្តៅនិងការធានាថា ជនរងគ្រោះតែងតែទទួលបានភាពយុត្តិធម៌។ហើយជនជាប់ចោទ ក៏ទទួលបាននូវផលដែលខ្លួនប្រព្រឹត្តល្មើសផងដែរ ៕