ដោយ វេហាស៍
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចូលរួមក្នុងពិធីថ្វាយព្រះពរ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា ក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះរាជពិធីគម្រប់ខួប២០ព្រះវស្សានៃការគ្រងព្រះបរមសេរីរាជ្យសម្បត្តិ ដែលពិធីនេះប្រព្រឹត្តទៅនៅសាលប្រជុំនៃសាលាខេត្តកំពង់ធំ ស្ថិតក្រោមអធិបតី ភាពឯកឧត្តម អុឹម សារឿន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តមដៀប ពិរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញុឹក បានខេង អភិបាលរងខេត្ត តំណាងឯកឧត្តមនួន ផារ័ត្ន អភិបាល ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤ ។
ឯកឧត្តម ញុឹក បានខេង តំណាងឯកឧត្តមនួន ផារ័ត្ន អភិបាលខេត្តប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ បានឡើងអានសារថ្វាយព្រះពរ ក្នុងនាមរដ្ឋបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋនៅទូទាំងខេត្តកំពង់ធំ សូមអបអរសាទរប្រកបដោយក្តីរំភើបរីករាយយ៉ាងក្រៃលែង និងស្មោះស្ម័គ្របំផុតថ្វាយជូនព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងព្រះរាជពិធីគ្រងព្រះបរមរាជ្យសម្បត្តិគម្រប់ខួប២០ ព្រះវស្សា ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១២រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤នេះ នឹងបានថ្វាយព្រះពរ ព្រះអង្គមានព្រះជន្មាយុយឺនយូរជាម្លប់ដ៏ត្រជាក់ត្រជុំដល់កូនចៅទាំងអស់គ្នានៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនេះផងដែរ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង តំណាងឱ្យនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមក្រាបថ្វាយបង្គំទូលថ្វាយប្រកបដោយកតញ្ញូត្តាធម៌ដ៏ស្មោះស្ម័គ្របំផុតចំពោះព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណា ចក្រកម្ពុជា ក្នុងឱកាសដ៏មហាមង្គលាភារម្យថ្លៃថ្លានៃព្រះរាជពិធីគ្រងរាជ្យសម្បត្តិគម្រប់២០ព្រះវស្សានេះ សូមព្រះករុណាព្រះអង្គម្ចាស់ជីវិតតម្កល់លើត្បូងជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតសូមព្រះអង្គប្រកបដោយព្រះពុទ្ធពរទាំង ៤ប្រការ កុំបីឃ្លៀងឃ្លាតឡើយ ៕