កម្ពុជារៀបចំព្រឹត្តិការណ៍ ព្រះរាជពិធីមហាមីទ្ទិញខួបលើកទី២០ នៃការយាងឡើងគ្រងរាជ្យសម្បត្តិរបស់ព្រះករុណា ព្រះមហាក្សត្រ

0

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាបានរៀបចំនូវព្រឹត្តិការណ៍ព្រះរាជពិធីប្រារព្ធមហាមីទ្ទិញអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការយាងគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះ ករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងព្រឹត្តិការណ៍នោះផងដែរគេបានឃើញមហាជនយ៉ាងច្រើនកុះករមានមន្រ្តីរាជការ លោកគ្រូអ្នក គ្រូ កងកម្លំាងគ្រប់ប្រភេទ និងថ្នាក់ដឹកនាំក្រសួងស្ថាប័ន បានឈរទៅតាមផែនរៀងៗខ្លួន នៅមុខព្រះបរម រាជវំាង។

នៅក្នុងឱកាសនោះ ប្រជាពលរដ្ឋបានសម្តែងនូវការសប្បាយរីករាយក្នុងការចូលរួមក្នុងព្រះរាជពិធីមីទ្ទិញអបអរសាទរ ព្រះរាជពិធីបុណ្យខួបលើកទី២០ នៃការគ្រងព្រះបរមសិរីរាជសម្បត្តិ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយទសពិធរាជធម៌ ដែលតែងតម្កល់ឧត្តមប្រយោជន៍ជាតិនិងប្រជារាស្រ្តជាធំ ជាពិសេសជួយឱ្យប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ។

សូមបញ្ជាក់ថា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា  ព្រះអង្គត្រូវបានសមាជិកក្រុមប្រឹក្សារាជសម្បត្តិ សម្រេចជ្រើសរើសជាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីព្រះបិតារបស់ព្រះអង្គដាក់រាជសម្បត្តិ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤  ហើយព្រះរាជពិធីរៀបអភិសេកព្រះមហាក្សត្រឡើងគ្រងរាជសម្បត្តិ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០០៤ ដែលគិតមកដល់ឆ្នាំ២០២៤នេះ មានរយៈពេល២០ឆ្នាំហើយ៕