ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ ក្មេងស្រី២នាក់ ទើបតែអាយុ ១៦ឆ្នាំសោះបានចូលរួមជាមួយបក្ខពួក២នាក់ទៀតជាអ្នកលក់ថ្នាំញៀន បានធ្វើសកម្មភាពលួចលក់វែកចាយថ្នាំញៀន នៅពេលយប់ ត្រូវបានកំលាំងនគរបាលក្រុងប៉ោយប៉ែត ធ្វើការឃាត់ខ្លួនបាន៤នាក់ ដកហូតវត្ថុតាងរួមមានថ្នាំញៀន និង ដាវ ចំនួន៣ដើម។
ការឃាត់ខ្លួននេះនៅពេលយប់ ថ្ងៃទី២៦ ខែតុលាឆ្នាំ២០២៤ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថាជនសង្ស័យទាំង៤នាក់នោះមានឈ្មោះ ១ ចាន់ ភារុណ ភេទប្រុសអាយុ២០ឆ្នាំ ២.ឈ្មោះ ហឿន សំនាង ភេទស្រី អាយុ១៦ឆ្នាំ ៣.ឈ្មោះ ហឿន សំនាង ភេទស្រី អាយុ១៦ឆ្នាំ ៤.ឈ្មោះ ប៉ក សារុំ ភេទប្រុសអាយុ៣៥ឆ្នាំដែលស្នាក់នៅភូមិប៉ាលិលេយ្យមួយ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋបានបញ្ជាក់ឲ្យដឹងបន្តទៀតថា៖ មុនពេលកើតហេតុនោះលោកបានទទួលព័ត៍មានពីប្រជាពលរដ្ឋថាមានក្មេង១ក្រុមកំពុងលួចលក់ថ្នាំនៅក្រុងប៉ោយប៉ែត លោកបានដឹកនាំកំលាំងនគរបាល១ក្រុម ចុះធ្វើការស្រាវជ្រាវហើយកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាប ២ករណីដោយឡែកគ្នាឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុងនោះមានស្រី២នាក់ ដកហូតវត្ថុតាងគ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លាចំនួន៤ថង់តូច និងសម្ភារៈប្រើប្រាស់គ្រឿងញៀនមានកាំបិតនិងដាវចំនួន៣ដើម។
ក្រោយពីឃាត់ខ្លួនហើយបាននាំយកមកអធិការក្រុងប៉ោយប៉ែតសួនាំហើយបានមកធ្វើកំណត់ហេតុបញ្ជូនមកស្នងការខេត្តបន្ទាយមានជ័យដើម្បីចាត់ការបន្ត។
ក្រោយពីបានការអនុញ្ញាត្តិ ពីលោកឧត្តម សេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្ត ជនសង្ស័យលួចលក់ថ្នាំញៀនទាំង ៤នាក់ និង គ្រឿងញៀន និងកាំបិតដាវចំនួន៣ដើម ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យនៅព្រឹក ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤ដាក់ទោសទៅតាមផ្លូវច្បាប់៕