ព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ
សៀមរាប កាលថ្ងៃទី ២៧ ខែ តុលា ឆ្នាំ២០១៤ នៅរដ្ឋបាលសាលាខេត្តសៀមរាប មានបើកកិច្ចប្រជុំបូកសរុប ត្រួតពិនិត្យ ការងាររបស់អនុគណៈកម្មការនីមួយៗ នៃការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ឆ្នាំ២០១៤ក្រោមកិច្ចដឹកនាំកិច្ចប្រជុំរបស់លោកឃឹមប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង ជាប្រធានគណៈកម្មការកណ្តាលនៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ។
បន្ទាប់ពីលោក ឃឹម ប៊ុនសុង មានប្រសាសន៍បើកកិច្ចប្រជុំ និង ដាក់នូវកម្មវិធីនៃរបៀបវារៈកិច្ចប្រជុំរួចមក ឯកឧត្តមលោកស្រីអស់លោកលោកស្រីជាប្រធានអនុគណៈកម្មការនិងសមាជិកនិមួយៗ ក៏បានលើកឡើងអំពីសកម្មភាពដែលអនុគណៈកម្មការនីមួយៗអនុវត្តកន្លងមក ក្នុងការរៀបចំនូវព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែរបស់ខេត្តសៀមរាបឆ្នាំ២០១៤។ តាមការបញ្ជាក់របស់អនុគណៈកម្មការបច្ចេកទេសបានឲ្យដឹងថាក្នុងឆ្នាំ២០១៤នេះ មានទូកដែលបានដាក់ពាក្យចូលមកប្រកួត មានចំនួន ៣៥ទូក ទូកបុរស ២៩ទូក ស្រី០៦ទូក ដោយមាន កីឡាករ កីឡាការី សរុប ៩៣៣នាក់ ស្រី ១៣០នាក់ ព្រមទាំងមានប្រទីប សរុប ១៤ ដែលបានដាក់ពាក្យ មកពីបណ្តា មន្ទីរ អង្គភាព និង ក្រុមហ៊ុន ។
ក្នុងនោះដែរអនុគណៈកម្មការផ្នែកសន្តិសុខ ក៏ឲ្យបានដឹងថា ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ នេះលើការងារសន្តិសុខ សណ្តាប់ធ្នាប់ និង កម្លាំងអន្តរាគម ដោយប្រើប្រាស់កម្លាំងសរុប ចំនួន៧៣៦នាក់ ទាំងកម្លាំងនគរបាលខេត្ត កងរាជអាវុធហត្ថខេត្ត ព្រមទាំងកម្លាំងកងទ័ព ក្នុងនោះដែរបណ្តាអនុគណៈកម្មការផ្សេងៗទៀតក៏បានលើកឡើងពីគម្រោមរបស់ខ្លួន ក្នុងនោះដោយបានផ្តោតសំខាន់លើការងារអនាម័យបរិស្ថានទាំងមុននឹងប្រព្រឹត្តពិធី ព្រមទាំងក្រោយពិធីព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែនេះផងដែរ ។
ឆ្លងតាមការពិភាក្សាយ៉ាងល្អិតល្អន់ទៅលើគម្រោងចំណាយដែលអនុគណៈកម្មការនីមួយៗលើកឡើងរួចមក មានមតិបូកសរុបនោះ លោកឃឹម ប៊ុនសុង ក៏បានឲ្យគ្រប់អនុគណៈកម្មការទាំងអស់ ត្រូវធ្វើការត្រួតពិនិត្យនូវរាល់ ការងារដែលអនុគណៈកម្មការបានអនុវត្ត តើបានលទ្ធផលប៉ុន្មានហើយ ដោយពេលវេលានៃព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែត ប្រទីប អកអំបុក និង សំពះព្រះខែ ក៏កាន់តែខិតចូលជិតមកដល់ផងដែរ ។ លោកក៏បានបន្តទៀតថា ចំពោះការ ចំណាយថវិកា យើងត្រូវធ្វើការកាត់បន្ថយចំពោះអី ដែលមិនចាំបាច់ ព្រមទាំងត្រូវរួមគ្នាចេះច្នៃប្រឌិត ឲ្យព្រះរាជពិធីបុណ្យអ៊ុំទូកបណ្តែតប្រទីបអកអំបុកនិងសំពះព្រះខែបានដំណើរការដោយរលូន ក្នុងការបម្រើដល់ការសប្បាយរបស់ ប្រជាពលរដ្ឋ និង ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ។ លោកឃឹម ប៊ុនសុង ក៏បានលើកឡើងថា ការអាក់ខាន មិនបានធ្វើពិធីរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រយៈពេល០៣ឆ្នាំមកនេះ ដោយប្រទេសជាតិយើងជួបរងនូវគ្រោះធម្មជាតិ និង ការយាងចូលទីវង្គត់របស់ព្រះករុណា ព្រះរតនកោដ្ឋ នរោត្តម សីហនុ ។ ដូច្នេះការរៀបចំព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ ឆ្នាំ២០១៤នេះដែលនឹងប្រព្រឹត្តធ្វើឡើងនតាមបណ្តោយដងស្ទឹងប្រវត្តិសាស្ត្រសៀមរាប ដោយមានរៀបចំនូវកម្មវិធីកម្សាន្តផ្សេងៗ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងក្នុង និង ក្រៅខេត្ត ព្រមទាំងភ្ញៀវទេសចរណ៍ បានទស្សនាកម្សាន្ត អំពីវប្បធម៌ ប្រពៃណី របស់
ប្រជាពលរដ្ឋខែ្មរយើង ដែលមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី ០៥ និងទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៤ និង ដើម្បីរំលឹក និង គោរពដល់វីរៈភាពនៃបុព្វបុរសទាហានជើង ទឹកជំនាន់ដើម ដែលបានពលីជិវិតក្នុងការធ្វើសឹកសង្គ្រាមតាមផ្លូវទឹកក្នុងការកម្ចាត់ពួកសត្រូវឈ្លានពាន ហើយទទួលបានជ័យជំនះជូនជាតិមាតុភូមិអង្គរនៃយើង ។លោកឃឹម ប៊ុនសុង ក៏បានសង្កត់ធ្ងន់ចំពោះ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និង អនាម័យ បរិស្ថាន ក្នុងព្រះរាជពិធីបុណ្យអ៊ុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ដោយខេត្តប្រវត្តិសាស្ត្រមួយនេះ ជាជង្រុកមណ្ឌលប្រមូលផ្តុំភ្ញៀវទេសចរណ៍ មកពីគ្រប់មជ្ឈដ្ឋាននានា លើពិភពលោកចូលមកទស្សនាកម្សាន្ត។លោកក៏សង្ឃឹមផងដែរថា តាមរយៈពិធីបុណ្យអ៊ុំទូកឆ្នាំ២០១៤នៅខេត្តសៀមរាបនិងទាញមកនូវភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិចូលរួមទស្សនាកម្សាន្ត យ៉ាងច្រើនកុះករ ក្នុងគោលដៅលើកស្ទួយវប្បធម៌ ទំនៀបទំលាប់ប្រពៃណីជាតិ ហើយក៏ជាការចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ លើវិស័យទេសចរណ៍នៅលើទឹកដី ប្រវត្តិសាស្ត្រនេះផងដែរ ៕



































