ប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈ ចំនួន១០ភូមិ ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ

0

ដោយ៖ឃិន គន្ធា
បន្ទាយមានជ័យ៖ ភូមិចំនួន១០ គឺភូមិលៀបកើត ភូមិភ្នំលៀបលិច ភូមិទ្រយោង ភូមិឡោទេ ភូមិរំដួល ភូមិព្រីងជួរ ភូមិកន្ត្រប់ ភូមិត្នោត ភូមិកណ្តោល និងភូមិអន្លងសា ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ បានប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណៈ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតី ធ្វេីឡេីនៅបរិវេណ វត្តប្រាសាទជលសាអូរសំរោង ហៅវត្តរំដួល ភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ ២០២៤។

លោក ពិន សុវណ្ណារិទ្ធិ តំណាងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានបញ្ជាក់ និងណែនាំដល់ពលរដ្ឋជាម្ចាស់ដីត្រូវត្រៀមឯកសារចាំបាច់សម្រាប់ម្ចាស់ដីត្រូវមានក្នុងការចុះបញ្ជីដីធ្លីមានលក្ខណជាប្រព័ន្ធ រួមមាន ៖ សំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត, អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ, សំបុត្រអាពាហ៍ពិពាហ៍ (ប្រសិនបើជាទ្រព្យរួមប្តីប្រពន្ធ), សំបុត្រមរណភាព (ប្រសិនបើជាប្តីឬប្រពន្ធស្លាប់ម្នាក់), ឯកសារពាក់ព័ន្ធដីធ្លី (លិខិតលក់ទិញ ឬអំណោយ ឬបញ្ជាក់ប្រវត្តដី), បណ្តាំមរតក (ប្រសិនបើមានលិខិតបណ្តាំពីជនដែលស្លាប់ទៅ), សាលក្រមតុលាការ (ប្រសិនបើប្តឹងឈ្នះតាមផ្លូវតុលាការ), ប័ណ្ណសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី (ប័ណ្ណស្លាបមាន់ ឬប្លង់រឹង ពីមុនមក)។

លោក ប្រាក់ ប៉លី អភិបាលរងខេត្ត លេីកឡេីងថា រាជរដ្ឋាភិបាលអាណត្តិទី៧ ដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ មានចំណុចអាទិភាព ៥ចំណុច ពាក់ព័ន្ធនឹងវិស័យរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ (បញ្ចកោណទី៤ មុំទី៤) នៅក្នុងនោះមានចំណុចអាទិភាពទី១ គឺបន្តដំណើរការកែទម្រង់ដីធ្លី ដោយជំរុញការចុះបញ្ជី និងការដោះស្រាយវិវាទដីធ្លីនៅក្រៅប្រព័ន្ធ និងការកសាងផែនការរៀបចំដែនដី និងនគរូបនីយកម្មទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងឱ្យកាន់តែមានប្រសិទ្ធភាព។

បេីតាមរបាយការរបស់រដ្ឋបាលស្រុកព្រះនេត្រព្រះ ពាក់ព័ន្ធការចុះបញ្ជីដីធ្លីលក្ខណៈប្រព័ន្ធ កន្លងមក ក៏ដូចបច្ចុប្បន្ន រដ្ឋបាលស្រុក រដ្ឋបាលឃុំ បានរួមសហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបានរៀបចំ ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ជូនប្រជារដ្ឋ នៅតាមបណ្តាឃុំបានចំនួន៥ឃុំ គឺទានកាំ ឃុំជប់វារី ឃុំព្រះនេត្រព្រះ ឃុំបុស្បូវ និងឃុំរហាល និង បានកំពុងអនុវត្តនៅឃុំឈ្នួរមានជ័យ ក្នុងនោះមន្ត្រីគ្រប់គ្រងតំបន់វិនិច្ឆ័យ(ក្រុម៣)បានអនុវត្តចុះ បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ទទួលបានលទ្ធផលដូចតទៅ ១.ឃុំជប់វារី បានចំនួន ១១.៦៣៤ក្បាលដី, ២.ឃុំព្រះនេត្រព្រះ ១៦.១៣៥ក្បាលដី, ៣.ឃុំរហាល ចំនួន ៧.២០២ក្បាលដី, ៤.ឃុំទានកាំ ចំនួន ៥.១៣២ក្បាលដី, ៥.ឃុំបុស្បូវ ចំនួន ១៣.៣៣៥ ក្បាលដី។ ដោយឡែក ឃុំឈ្នួរមានជ័យ កំពុងដំណើរបាន១២ ភូមិ លទ្ធផល១០.០៤១ក្បាលដី និងចុះជាប្រព័ន្ធនៅភូមិ មួយចំនួន របស់ឃុំប្រាសាទ និងឃុំភ្នំលៀប ដីតំបន់១ បានចំនួន៩១២៨ក្បាលដី, តំបន់២ បានចំនួន៣៦៨០ក្បាលដី និង ដីតំបន់៣ កាត់ឆ្កៀលបាន ៦៨៣ក្បាលដី៕