ខេត្តកំពង់ធំ៖ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី ៤ បានដំណើរការបើកចែកអាវរងា ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ជំនួសមុខឱ្យនាយទាហាន នាយហានរង និងពលទាហានទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានសូមគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្តេចតែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ព្រមទាំងគ្រួសារកងទ័ព បន្តភារកិច្ចមនុស្សធម៌ពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ប៊ុនរ៉ានី ហ៊ុនសែន ។ ជាក់ស្ដែងនៅរដូវភ្លៀងសម្ដេចបានផ្ដល់អាវភ្លៀង នៅក្នុងរដូវត្រជាក់នេះ សម្ដេចបានផ្ដល់អាវរងា និងបានផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ជីវភាពរស់នៅរបស់កងទ័ព ព្រមទាំងគ្រួសារកងទ័ពផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារត្រូវខិតខំថែរក្សាសុខភាព នឹងត្រូវត្រៀមខ្លួនជានិច្ច ក្នុងកិច្ចការពារបូរណភាពទឹកដី ការពារជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលកើតចេញពីការបោះឆ្នោត ដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងត្រៀមខ្លួនរួចជាស្រេច ដើម្បីចល័តអន្តរាគមន៍ដោះស្រាយសភាពការណ៍ផ្សេងៗតាមបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រមនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងត្រៀមកងកម្លាំង មធ្យោបាយ សម្ភារៈគ្រប់គ្រាន់ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ ដែលរងគ្រោះដោយគ្រោះមហន្ត រាយផ្សេងៗ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។
យោធិនទាំងអស់ ចំណុះឲ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ បានប្តេជ្ញាចិត្តដាច់ខាត ការពារ និងថែរក្សាឲ្យបាននូវសុខសន្តិភាព ដែលកំពុងមានសព្វថ្ងៃនេះ ឲ្យនៅគង់វង្សជារៀងរហូត ដើម្បីប្រទេសជាតិបន្តអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕