អភិបាលខេត្តកំពង់ធំ អញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២៣-២០២៤ នៅវិទ្យាល័យកំពង់ធំ មានបេក្ខជនប្រឡងជាប់និទ្ទេស A រហូតដល់ចំនួន ៥៦ នាក់

0

កំពង់ធំ÷ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានអញ្ជើញបើកលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម័យប្រឡង៖ ០៨ តុលា ២០២៤ នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤ នៅវិទ្យាល័យកំពង់ធំ។

ឯកឧត្តម នួន ផារ័ត្ន សូមចូលរួមអបអរសាទរដល់ក្មួយៗជាបេក្ខជនទាំងអស់គ្នា ដែលទទួលបានលទ្ធផលជោគជ័យ ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤។ នៅខេត្តកំពង់ធំ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៥៦ នាក់ ព្រមទាំងលើកទឹកចិត្តដល់ក្មួយៗ ដែលមិនទាន់ទទួលបានលទ្ធផលដូចបំណង សូមកុំមានការបាក់ទឹកចិត្ត និងបន្តខិតខំព្យាយាមបន្តការសិក្សាបន្ថែមទៀត និងអាចរៀនជំនាញបន្ថែមនៅសាលាពហុបច្ចេកទេសបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តកំពង់ធំ ដែលមានជំនាញជាច្រើន ស្របតាមតម្រូវការទីផ្សារបច្ចុប្បន្ន។

ឯកឧត្តម នួន ផារ័ត្ន បានបន្ថែមទៀតថា ចំពោះការកើនឡើងនៃការប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅពេលនេះ មិនមែនដោយសារវិញ្ញាសាស្រួលនោះទេ គឺដោយសារការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ បានល្អប្រសើរជាងមុន ។ ហើយចំពោះប្អូនៗដែលនឹងត្រូវចូលសិក្សាថ្នាក់ទី១២ ត្រូវខិតខំរៀនសូត្រ ដើម្បីទទួលបានលទ្ធផលល្អ ប្រឡងជាប់គ្រប់ៗគ្នា ដើម្បីសម្រេចជោគវាសនារបស់ខ្លួន។

លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៨ តុលា ២០២៤ ក្នុងខេត្តកំពង់ធំ មាន១៣មណ្ឌល ស្មើនឹង២២៨បន្ទប់ ដែលមានបេក្ខជនសរុប៥៦៥៨នាក់ ស្រី ៣២៧៤នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រមានបេក្ខជន ១២៥៤នាក់ ស្រី ៧៨២នាក់ មាន០២មណ្ឌល ៥១បន្ទប់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម មានបេក្ខជន៤៤០៤នាក់ ស្រី ២៤៩២នាក់ មាន១១មណ្ឌល ១៨១បន្ទប់។

ជាលទ្ធផលនិទ្ទេស A ៥៦ នាក់ ស្រី ៣៤ នាក់ និទ្ទេស B ៣៥០នាក់ស្រី ២២៦ នាក់ និទ្ទេស C ១០៤៧ នាក់ ស្រី ៦៩២ នាក់និទ្ទេស D ១៧៨៧ នាក់ ស្រី ១១០៥ នាក់និទ្ទេស E  ១៤៩២ នាក់ ស្រី ៧៩៧ នាក់គិតជាភាគរយ៨៤.៦៧%បើប្រៀបធៀបឆ្នាំសិក្សា ២០២២-២០២៣ មានការកើនឡើង៤.២៤% ។