ដោយ សេង ណារិទ្ធិ
ខេត្តកែប: មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប បានបើកកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំស្ដីពី ការបិទបញ្ជីចំណូលចំណាយថវិកា និងការធ្វើរបាយការណ៍បូកសរុបការអនុវត្តចំណូលចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាលនៃគណៈអភិបាលខេត្តកែប និងមានការអញ្ញើញចូលរួមពីលោកប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកែប លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត និងលោកលោកស្រី ប្រធានគណនេយ្យករមន្ទីរជំនាញ ផងដែរ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប នៅព្រឹកថ្ងៃ០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។
តាមរបាយការណ៍លោក កែវ ហុង ប្រធានមន្ទីរសេដ្ឋកិច្ច និង ហិរញ្ញវត្ថុខេត្ត បញ្ជាក់ថា កិច្ចប្រជុំនេះ មានគោលបំណធ្វើឲ្យបណ្ដាមន្ទីរជំនាញអនុវត្តថវិកាកម្មវិធីបានរលូន ទាន់ពេលវេលា ត្រឹមត្រូវ សមស្រប តាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ និងផ្អែកតាមមូលដ្ឋាននៃច្បាប់ អនុក្រឹត្យ និងប្រកាសស្ដីពី ការប្រគល់កាតព្វកិច្ចប្រមូលចំណូលថវិកាថ្នាក់ជាតិ ប្រកាសបែងចែកឥណទាន ចំណាយថវិកាផ្ទៃក្នុង តាមជំពូក តាមគណនី និងអនុគណនីសម្រាប់ថវិកាកម្មវិធី មានដំណើការប្រកប ដោយប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព សម្រេចបានជោគជ័យនូវសមិទ្ធិផល និងបន្តធានាឲ្យបាននូវកំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយ គុណភាពបរិយាប័ន្ន។ លោកប្រធានមន្ទីរបានបន្ដថា ដើម្បីអនុវត្តគោលដៅថវិកាឆ្នាំ២០២៤-២០២៥ ត្រូវបន្ដឈរលើគោលការណ៏គ្រឹះជាយុទ្ធសាស្ត្រសំខានចំនួន៤ ដែលរួមមាន៖ ១.ធានាសម្រេចឱ្យបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៥,៥%, ២.ធានាឱ្យបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ជាពិសេសការគ្រប់គ្រងបាននូវអត្រាអតិផរណា និងការធានាស្ថិរភាពអត្រាប្ដូរប្រាក់ និងស្ថិរភាព ហិរញ្ញវត្ថុទូទៅ, ៣.បន្ដអនុវត្តកម្មវិធីកែទម្រង់សំខាន់ៗរបស់រាជរដ្ឋាភិបាលឆ្លើយតប នឹងសេចក្ដីត្រូវការរបស់ប្រជាជន, ៤.ផ្តល់ការលើកទឹកចិត្តដល់ក្រសួងស្ថាប័ន ណាដែលសម្រេចបានសមិទ្ធកម្មល្អ ។
ក្នុងឱកាសបើកកិច្ចប្រជុំនោះ លោក អ៉ឹម បញ្ញារិទ្ធិ អភិបាលរងខេត្ត បានកោតសរសើរដល់មន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តកែប ដែលបានរៀបចំកិច្ចប្រជុំនេះឡើង ដើម្បីសម្របសម្រួល តាមដាន ជំរុញ និងកិច្ចសហការឲ្យបណ្ដាមន្ទីរជំនាញទាំងអស់អនុវត្តថវិកាកម្មវិធីបានទាន់ពេលវេលា ត្រឹមត្រូវ សមស្របតាមច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងប្រចាំឆ្នាំ និងកម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងសម្រេចបានតាមគោលបំណង គោលនយោបាយរបស់ក្រសួង-ស្ថាប័ននីមួយៗ ។
លោកអភិបាលរងបន្ដថា ក្រុមការងារថវិកា ត្រូវខិតខំធានាឲប្រាកដថា ទាំងធនធាន និងសកម្មភាពការងារទាំងអស់របស់ មន្ទីរអង្គភាពសាម៉ី ត្រូវមាននៅក្នុងផែនការយុទ្ធសាស្ត្រថវិកា ផែនការលទ្ធកម្ម ផែនការរជ្ជទេយ្យបុរេប្រទាន សំដៅធានាគ្រប់សកម្មភាពទ្រទ្រង់ដោយថវិកាពិតប្រាកដរបស់អង្គភាពរៀងៗខ្លួន ព្រមទាំងធានាបាននូវតុល្យភាពនៃការអនុវត្តថវិកា ហើយឆ្លើយតបបានជាអតិបរមាទៅនឹងគោលបំណង គោលនយោបាយ និងរវាងកម្មវិធីដែលបានរៀបចំនៅក្នុងផែនការយុទ្ធសាស្ត្រថវិកា និងផែនការវិនិយោគបីឆ្នាំរំកិលខេត្ត។
ជាថ្មីម្តងទៀត លោកអភិបាលរងខេត្ត ក៏បានស្នើដល់លោកប្រធានមន្ទីរ និងសហការីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បន្ដផ្សព្វផ្សាយលម្អិតនូវសារាចរណែនាំលេខៈ០១១សហវ.អថ ចុះថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការបិទបញ្ជីចំណូល-ចំណាយ និងការធ្វើរបាយការណ៏បូកសរុបការអនុវត្តចំណូល-ចំណាយថវិកាថ្នាក់ជាតិឆ្នាំ២០២៤៕