រដ្ឋបាលខេត្តកំពត បើកកិច្ចប្រជុំត្រៀមរៀបចំ ពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤

0

ដោយ សេង ណារិទ្ធ
ខេត្តកំពត: រដ្ឋបាលខេត្តកំពត បានរៀបចំកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំពិធីបុណ្យសមុទ្រលើកទី១១ នៅក្នុងខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណ:កម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ និង ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណ:អភិបាលខេត្តកំពត និងជាអនុប្រធានគណ:កម្មការអន្តរក្រសួង ដើម្បីរៀបចំពិធីបុណ្យសមុទ្រ នៅសាលសន្និសីទបូកគោ នៃសាលាខេត្តកំពត នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

ក្នុងកិច្ចប្រជុំ ឯកឧត្ដម ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា ការរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ នៅខេត្តកំពតនេះ ក្រោមប្រធានបទ”អបអរសាទរបេតិកភណ្ឌ និងចីរកាលភាពនៃតំបន់ឆ្នេរ គឺយោងតាមសេចក្តីជូនដំណឹងរបស់ទីស្តីការគណ:រដ្ឋមន្ត្រី លេខ ៧៧៥ សជណ. ពទ ចុះនៅថ្ងៃពុធ ៦កើត ខែជេសដ្ឋ ឆ្នាំរោង ឆាក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ហើយរាជរដ្ឋាភិបាលបានសម្រេចជាគោលការណ៍ ឯកភាពរៀបចំពិធីបុណ្យសមុទ្រ លើកទី១១ នៅខេត្តកំពត ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។

ឯកឧត្តម បានបាញ្ជាក់ទៀតថា កម្មវិធីបើក ជាផ្លូវការគឺប្រព្រឹត្តិទៅនាថ្ងៃសៅរ៍ ១៤កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។

មានប្រសាសន៍ក្នុងកិច្ចប្រជុំ ឯកឧត្ដម ហួត ហាក់ មន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ដើម្បីឱ្យការរៀបចំពិធីបុណ្យសមុទ្រលើកទី១១ នៅខេត្តកំពត កាន់តែមានភាពអធិកអធម ឯកឧត្ដម សូមជំរុញដល់គ្រប់បណ្តាអង្គភាពទាំងអស់ ក្នុងខេត្ត សូមចូលរួមសហការគ្នា ឱ្យបានល្អ ពិសេសអង្គភាពជំនាញ គួរលៃលកយ៉ាងណាអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ដើម្បីឱ្យការរៀបចំបុណ្យសមុទ្ររបស់យើងប្រកបដោយរលូន ស្របទៅនឹងប្រធានបទ អបអរសាទរបេតិកភណ្ឌ និងចីរកាលភាពនៃតំបន់ឆ្នេរ។

សូមជម្រាបថា ព្រឹត្តិការណ៍ជាតិដ៏មានមោទនភាព និងសោមនស្សរីករាយនេះ នឹងមានសកម្មភាពសំខាន់ៗសម្រាប់ការទស្សនា និងកម្សាន្ត ដូចជាការសម្តែងសិល្បៈ ការប្រគុំតន្ត្រី ចូលរួមពី ក្រុមសិល្បករ សិល្បការិនី តារាចម្រៀងជាតិ និងអន្តរជាតិល្បីៗ ព្រមទាំងមានការអុជកាំជ្រួចអបអរសាទរពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤សកម្មភាពកីឡា និងការប្រកួតកីឡាគ្រប់ប្រភេទ។ការតាំងពិព័រណ៍ផលិតផលទេសចរណ៍ និងផលិតផលទូទៅ មហោស្រពម្ហូបអាហារ ភេសជ្ជៈ ព្រមទាំង សកម្មភាពកម្សាន្តជាច្រើនទៀត៕