សម្ដេចធិបតី ហ៊ុន ម៉ាណែត តាមរយៈនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានប្រគល់ប្រេងឥន្ធនៈ ស្បៀងអាហារមួយចំនួន ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសសឹករងកំពង់ធំ ក្នុងបេសកកម្មការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ

0

កំពង់ធំ : សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានប្រគល់ប្រេងឥន្ធនៈ និងស្បៀងអាហារ គ្រឿងឧបភោគបរិភោគមួយចំនួន ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគ​ទី​៤​ ក្នុងបេសកកម្មការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ដែលពិធីប្រគល់នេះប្រព្រិត្តទៅស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ ជរ វណ្ណរិទ្ធ នាយការិយាល័យទី៤ កងទ័ពជើងគោក តំណាងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ និងឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ។

ឧត្តមសេនីយ៍ទោ ជរ វណ្ណរិទ្ធ បានបញ្ជាក់ថា យោងតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ មេបញ្ជាការកងទ័ពជើងគោក បាននាំយកនូវសម្ភារៈ ដែល​ជាជំនួនឧបត្ថម្ភរបស់​សម្តេច​មហា​បវរ​ធិបតី​ហ៊ុន​ម៉ាណែត​ ត្រូវបានប្រគល់ជូននាពេលនេះ មានអង្ករចំនួនពីរតោន មីចំនួន ១០កេសធំ ត្រីខកំប៉ុងកងយោធពលខេមរភូមិន្ទចំនួន១០កេស  និងប្រេងឥន្ធនៈមួយចំនួន ក្នុងបេសកកម្មការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ព្រមទាំងការដឹកជញ្ជូនកម្លាំងចូលរួមដាំស្ដារព្រៃឈើឡើងវិញនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពថ្លែងអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ដែលជានិច្ចកាលតែងតែបានផ្ដល់ជូនដល់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នូវប្រេងឥន្ធនៈ និងគ្រឿងឧបភោគបរិភោគ សម្ភារៈប្រើប្រាស់មួយចំនួន ក្នុងកិច្ចការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្ដេជ្ញាចិត្ត បន្តដឹកនាំកងកម្លាំងចម្រុះ ដោយគ្មានការដកថយឡើយ ក្នុងការអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម​អភិបាល​ខេត្ត​ ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត  កំពង់ធំ​ក្នុងបេសកកម្មការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព និងទទួលបានជោគជ័យ។ អត្ថបទ វេហាស៍