លោក ជីវ ស៊ុនហេង បានលើកឡើងថា អ្នកសិក្សាត្រូវកំណត់គោលដៅឱ្យបានច្បាស់លាស់ដើម្បីអនាគតគឺស្វាង

0

កំពង់ធំ÷ លោក ជីវ ស៊ុនហេង រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយម តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោង បានថ្លែងដូច្នេះនៅក្នុងឱកាសដែលលោក បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកបវេសនកាលឆ្នាំថ្មីឆ្នាំ២០២៤-២០២៥ នៅបឋមសិក្សា -អនុវិទ្យាល័យពង្រ ស្ថិតនៅក្នុងឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ ២០២៤។

លោកបញ្ជាក់បន្ថែមថា សិស្សានុសិស្សគ្រប់រូបក្នុងនាមជាអ្នកសិក្សាត្រូវតែមានការតស៊ូ អត់ធ្មត់ ព្យាយាម ខិតខំសិក្សារៀនសូត្រ ឱ្យអស់ពីលទ្ធភាពដើម្បីមានចំណេះដឹងពិតប្រាកដជាសិស្សពូកែ ជាកូនល្អ ជាមិត្តល្អ ដើម្បីអនាគតខ្លួនឯងដ៏ភ្លឺស្វាងនិងជាសសរទ្រូងប្រទេសជាតិទៅអនាគត។

ទន្ទឹមនឹងនេះ លោកបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី ចំពោះលោកគ្រូអ្នកគ្រូសិស្សានុសិស្ស ហើយលោកបានកោតសរសើរខ្ពស់ដល់យុវតី យីវ ច័ន្ទគ្រីហ្វា ដែលរៀនបានពូកែទទួលបានលទ្ធផលនិទ្ទេសAលំដាប់ពិន្ទុ ១០០ ដែលពិតជាធ្វើឱ្យខ្លួនឯងមានមោទនភាពទាំងក្រុមគ្រួសារផង ជាពិសេសសាលាដែលធ្លាប់រៀន ស្រុកស្ទោង និងមុខមាត់ខេត្តកំពង់ធំទាំងមូលបានល្បីល្បាញនិងគួរឲ្យស្ញប់ស្ញែងក្រៃលែង ហើយឯកឧត្តមថោ ជេដ្ឋា នឹងប្រគល់រង្វាន់លើកទឹកចិត្តជូនជ័យលាភីនិទ្ទេសAទាំង ១២រូបរបស់ស្រុកស្ទោងដែលម្នាក់ៗ នឹងទទួលបាននូវយ៉ាងហោចណាស់ម៉ូតូ១គ្រឿង។

លោកបានផ្ដាំផ្ញើដល់ប្អូនៗ សិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រដើម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ត្រូវនៅឲ្យឆ្ងាយពីអំពើអបាយមុខជាពិសេសគ្រឿងញៀនហើយត្រូវយកការសិក្សាជាត្រីមុខ។

សូមបញ្ជាក់ថា ក្នុងឱកាសនោះក៏ បានឧបត្ថម្ភនូវសម្ភារសិក្សា និងថវិកាមួយចំនួនដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ដែលជាអំណោយរបស់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធនធានទឹកផងដែរ។