មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា៖ ការអភិវឌ្ឍវិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងប្រភពធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិ

0

កំពង់ធំ៖ ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ នៃទីស្ដីការគណៈរដ្ឋមន្ត្រី បានថ្លែងថា ការអភិវឌ្ឍវិស័យអប់រំ  គឺជាមូលដ្ឋានគ្រឹះ ដ៏សំខាន់បំផុតក្នុងការកសាងប្រភពធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសជាតិ ពីព្រោះតាមគោលដៅអប់រំប្រកបដោយចីរភាពរបស់យើង គឺកសាងពលរដ្ឋសកល ប្រកបដោយសមត្ថភាពទាំងចំណេះដឹង ចំណេះធ្វើ មានសីលធម៌ មានសុជីវធម៌ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។

ឯកឧត្តមរដ្ឋលេខាធិការ បានថ្លែងបែបនេះ នាព្រឹកថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០២៤នេះ ក្នុង​ឱកាសដែលលោកបានអញ្ជើញជាអធិបតី នៅក្នុងពិធីបើកបវេសនកាលនៅក្នុងសាលាវិទ្យាក្រយាសិក្សា២០២៤-២០២៥  ពិធីនេះក៏មានការចូលពីលោក ឯកឧត្តមហ៉ីវ បញ្ញាវុឌ្ឍអនុប្រធានក្រុមការងារចុះជួយឃុំទួលគ្រើល លោក វណ្ណៈ សោភានិត អភិបាលស្រុកប្រាសាទបល្ល័ង្ក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ លោកគ្រូអ្នកគ្រូ ជានាយកសាលា និងសិស្សានុសិស្សប្រមាណជាង១.០០០នាក់។

ឯកឧត្តម ហ៊ុយ  វណ្ណៈ  បានបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំ វាមានហេតុផលពាក់ព័ន្ធទៅនឹងកត្តាជាច្រើនដូចជាកត្តាគ្រូ សិស្ស កត្តាអ្នកគ្រប់គ្រងដឹកនាំ គឺជាកត្តាសំខាន់ដូចពាក្យស្លោកមួយពោលថា គ្រូល្អ សិស្សល្អ គ្រូពូកែ សិស្សពូកែ នាយកល្អ សាលាល្អ។ ហើយក្រៅពីនេះ ក៏នៅមានកត្តាមួយចំនួនទៀត ដែលជះឥទ្ធិពលលើគុណភាពអប់រំ មានកត្តាគ្រួសារ និងកត្តាសង្គម ដែលកត្តាទាំងអស់នេះ ជាកត្តាដែលមិនអាចខ្វះកត្តាមួយណាបានឡើយ ពីព្រោះតាមគោលដៅអប់រំប្រកបដោយចីរភាពរបស់យើង គឺអប់រំប្រកបដោយសមត្ថភាព ទាំងចំណេះដឹង ចំណេះធ្វើ មានសីលធម៌ មានសុជីវធម៌ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។

មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ក៏បានថ្លែងនូវការកោតសរសើរដល់លោកគ្រូអ្នកគ្រូ  ដែលបានខិតខំបំពេញការងារតាមតួនាទីរៀងៗខ្លួន ប្រកបដោយលទ្ធផលល្អជាទីពេញចិត្ត ស្របតាមទិសដៅរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលបានដាក់ចេញ។ លោកក៏បានសំណូមពរ នមន្ត្រីគ្រប់គ្រងអប់រំទាំងអស់ លោកនាយកសាលា លោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់ដល់បញ្ហាសំខាន់ៗមួយចំនួន ក្នុងនោះត្រូវយកចិត្តទុកដាក់ប្រមូលកុមារដល់វ័យសិក្សា ឱ្យចូលរៀនបានច្រើនជាអតិបរមា ទាំងនៅទីប្រជុំជន និងនៅទីជនបទ ចាប់ពីមត្តេយសិក្សាឡើងទៅ និងរក្សាបាននៅស្ថេរភាពសិស្ស ឱ្យបន្តការសិក្សារៀនសូត្ររហូតចប់មធ្យមសិក្សា និងបន្តចូលរៀនរហូតបញ្ចប់ឧត្តមសិក្សា។

ឯកឧត្តមបានបន្តថា សូមលោកគ្រូអ្នកគ្រូទាំងអស់ ត្រូវបន្តកែលម្អ បរិស្ថានសាលារៀនឱ្យក្លាយជាទីមនោរម្យ ដើម្បីទាក់ទាញកុមារឱ្យចាប់អារម្មណ៍ និងមានចិត្តចង់ទៅសាលារៀន។ មួយវិញទៀតទន្ទឹមនឹងការយកចិត្តទុកដាក់ទាំងបរិមាណ ក៏ត្រូវយកចិត្តទុកដាក់ពង្រឹងបន្ថែមទៀត នូវគុណភាពប្រកបដោយគណៈនេយ្យភាពភាពផងដែរ។

ក្នុងនោះឯកឧត្តមក៏បានឧបត្ថម្ភកុំព្យូទ័រចំនួន០២គ្រឿង ថវិកាចំនួនមួយលានរៀល លោកគ្រូអ្នកគ្រូចូលនិវត្តន៍ក្នុង០១នាក់ទទួលបាន៥ម៉ឺនរៀល និងទូរទស្សន៍smart tv ចំនួន០២គ្រឿង៕