ខេត្តព្រះវិហារ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានចាត់តាំងក្រុមការងារមាន លោកឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ នាយសេនាធិការរង និងជានាយការិយាល័យទី៤ កងទ័ពជើងគោក, និងលោកវរសេនីយ៍ទោ ម៉ៅ គន្ធឧត្តមពិសិដ្ឌពង្ស ជំនួយការមេបញ្ជាការកងទ័ពជើងគោក នាំយកថវិកាលើកទឹកចិត្តរបស់ លោកនាយឧត្តមសេនីយ៍ មកប្រគល់ជូនសិស្ស ដែលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) និទ្ទេស A ចំនួន ៦នាក់។
ពិធីប្រគល់ថវិកានោះ ក៏មានការចូលរួមពី លោកស្រី ប៉ាង រ៉ាវី អភិបាលរងខេត្តព្រះវិហារ លោកនាយករដ្ឋបាលខេត្ត មន្ទីរជំនាញពាក់ព័ន្ធ គណ:គ្រប់គ្រងសាលា និងមាតា បិតាសិស្សជាច្រើនរូបទៀត នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តព្រះវិហារ។
លោកឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ បានថ្លែងនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីលោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ជូនលោកគ្រូ អ្នកគ្រូ មាតា បិតាសិស្ស ជាពិសេសក្មួយៗ ដែលប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំ២០២៤ ដោយទទួលបាននិទ្ទេស A ទាំង៦នាក់។
លោកឧត្តមសេនីយ៍ទោ ជ វណ្ណារិទ្ធ ក៏បានប្រគល់ជូនថវិការបស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ជូនសិស្សនិទ្ទេសA ទាំង៦នាក់ ដោយក្នុងសិស្សម្នាក់ ទទួលបានថវិកាចំនួន ២លានរៀល និងជូននាយកសាលាចំនួន ៤នាក់ ក្នុងម្នាក់ៗថវិកា ២០ម៉ឺនរៀលផងដែរ៕ ដោយ៖ឡុង សំបូរ