ខេត្តព្រះវិហារ៖ ប្រសាសន៍ដាស់តឿនរបស់ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ បានធ្វើឡើងក្នុងពេលដែលលោកនាយឧត្តមសេនីយ៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពីការទប់ស្កាត់ និងបង្ក្រាបបទល្មើសតាមបណ្ដោយព្រំដែន កម្ពុជា-ឡាវ ,បទល្មើសនេសាទខុសច្បាប់ និងការការពារតំបន់អភិរក្ស ភ្នំត្នោត-ភ្នំពក នៅក្នុងភូមិសាស្ដ្រខេត្ត នារសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅសាលាខេត្តព្រះវិហារ ។
អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានថ្លែងថា ក្រោមកិច្ចសហការរវាង គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយកងកម្លាំងឈរជើងតាមបន្ទាត់ព្រំដែន កម្ពុជា-ឡាវ និងអង្គភាពពាក់ព័ន្ធ ចុះល្បាត និងចុះត្រួតពិនិត្យរកសារធាតុញៀន និងបទល្មើសផ្សេងៗ នៅតាមគោលដៅសំខាន់ៗក្នុងភូមិសាស្ត្រ ឃុំកំពង់ស្រឡៅមួយ ឃុំកំពង់ស្រឡៅពីរ ស្រុកឆែប ខេត្តព្រះវិហារ តែងបានធ្វើឡើងជាប់ជាប្រចាំ។
លោកអភិបាលខេត្តព្រះវិហារ បានបន្តថា កិច្ចសហការខាងលើនេះ ជាលទ្ធផលគិតត្រឹមខែតុលា ឆ្នាំ២០២៤ បានបង្ក្រាបបទល្មើសឆ្លងដែនខុសច្បាប់ ១២លើក ឃាត់ខ្លួនជនជាតិចិន ៥៦នាក់ ស្រី ០១នាក់ ,បង្ក្រាបបទល្មើសគ្រឿងញៀនបាន ០៩លើក ឃាត់ខ្លួនមុខសញ្ញា ២១នាក់ ដកហូតបានគ្រឿងញៀន មេតំហ្វេតាមី (ICE, Heroine, Ketamine)សរុប ៦៣៦,១៨គីឡូក្រាម, មេតំហ្វេតាមីន (WY) ទម្ងន់ ១៨,៣៤គីឡូក្រាម រថយន្ត ៣គ្រឿង ម៉ូតូ ០៦គ្រឿង ទូក ០១គ្រឿង ទូរស័ព្ទដៃ ១៣គ្រឿង ប្រាក់រៀល ២លានរៀន ប្រាក់បាត ១ពាន់បាត ប្រាក់ឡាវ ១លាន ៨០០ពាន់គីប និងសម្ភារមួយចំនួនទៀត ផងដែរ។
លោក គីម រិទ្ធី បានបញ្ជាក់ថា ពាក់ព័ន្ធនឹងបទល្មើសនេសាទខុសច្បាប់ នៅតាមដងស្ទឹងសែន ក្នុងភូមិសាស្ត្រខេត្តព្រះវិហារ បានចុះប្រតិបត្តិការបង្ក្រាប ៣៦លើក លើ ៥៦ទីតាំង ដកហូតវត្ថុតាងរួមមាន៖ ទូក ១៥គ្រឿង,ឧបករណ៍ឆក់ត្រី ២៤គ្រឿង, អាគុយ ២៥គ្រឿង, ស្បៃអួនប្រវែង ៣១,២៣០ម៉ែត្រ និងរុះរើខ្ទមអនាធិបតេយ្យខុសច្បាប់ ២៣កន្លែង។
លោកអភិបាលខេត្តព្រះវិហារ បានបញ្ជាក់ទៀតថា បច្ចុប្បន្នកម្លាំងជំនាញនៅតែបន្តចុះប្រតិបត្តិការត្រួតពិនិត្យ បង្ក្រាប ទប់ស្កាត់ និងអប់រំណែនាំ អំពីបទល្មើសនេសាទ នៅតាមគោលដៅ ភូមិសាស្រ្តសំខាន់ៗ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនជាប្រចាំ ។
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានណែនាំឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះវិហារ ដាក់ចេញនូវផែនការ និងវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបសកម្មភាពខុសច្បាប់ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយប្រើប្រាស់នូវមធ្យោបាយ និងកងកម្លាំង ព្រមទាំងធ្វើការបែងចែក និងប្រគល់ការទទួលខុសត្រូវដល់អង្គភាព និងមន្ត្រីពាក់ព័ន្ធ ឱ្យទទួលបន្ទុកអនុវត្តភារកិច្ចរៀងៗខ្លួន ក្រោមការត្រួតពិនិត្យ និងតាមដានជាប់ជាប្រចាំ។
លោកនាយឧត្តមសេនីយ៍ បានជំរុញបន្ថែម ឱ្យបន្តពង្រឹងវិធានការបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែនខុសច្បាប់ បទល្មើសនេសាទខុសច្បាប់ និងរួមគ្នាការពារតំបន់អភិរក្ស ភ្នំត្នោត-ភ្នំពក ឱ្យកាន់តែខ្លាំងក្លាថែមទៀត។
លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ បានបន្តជំរុញ ដោយសង្កត់ធ្ងន់ទៅលើបទល្មើសនេសាទ ដោយត្រូវរួមគ្នាទប់ស្កាត់ ជនចំណាក់ស្រុកមកពីបណ្ដាខេត្តផ្សេងៗ ដែលបានចូលមកនេសាទខុសច្បាប់ នៅក្នុងខេត្តព្រះវិហារ និងត្រូវបញ្ឈប់រាល់ការប្រើប្រាស់ នូវឧបករណ៍ខុសច្បាប់គ្រប់ប្រភេទ ឱ្យខានតែបានដាច់ខាត៕ ដោយ៖ឡុង សំបូរ