ខេត្តស្វាយរៀង៖ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចល់នវត្ថុជូនបងប្អូនប្រជាពលរដ្ឋ នៅភូមិធ្លក សង្កាត់ច្រកម្ទេស ភូមិប្រាសាទ សង្កាត់ប្រាសាទ និងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិតសរុបចំនួន៣,៧២១ប័ណ្ណកាលពីព្រឹកថ្ងៃទី៣ខែវិច្ឆិកាឆ្នាំ២០២៤នេះ។
ពិធីនេះក៏មានការអញ្ជេីញចូលរួមពីសំណាក់ឯកឧត្តមអភិបាលរងខេត្ត លោកមេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោកនាយករងរដ្ឋបាលសាលាខេត្ត ឯកឧត្តម លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាល អភិបាលរងក្រុងបាវិត និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ៥០០នាក់។
ឯកឧត្តមអភិបាលខេត្តបានថ្លែងនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ និងពាំនាំនូវក្តីនឹករលឹកដ៏ជ្រាលជ្រៅបំផុតពីសំណាក់សម្ដេច មហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវ ព្រមទាំងសម្ដេចកិត្តិសង្គហ បណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង និងលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ជូនចំពោះអាជ្ញាធរ និង កងកម្លាំងមានសមត្ថកិច្ច មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋទាំងអស់ នៅសង្កាត់ច្រកម្ទេស សង្កាត់ប្រាសាទ និងសង្កាត់បាវិតក៏ដូចជានៅទូទាំងក្រុងបាវិតទាំងមូល ។
ឯកឧត្តមបន្តថា ក្នុងរយៈពេល ១១ខែមកនេះ ថ្ងៃនេះគឺជាលើកទី៦ហើយដែលក្រុមការងារសម្រេចបាននូវការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ បានចំនួន ១៣៩ភូមិ ស្មើនឹង ១០៤.៧១០ប័ណ្ណ និងចែកប័ណ្ណ ជូនប្រជាពលរដ្ឋ បានប្រមាណជាង ៥ម៉ឺន ប័ណ្ណ។ ជាមួយគ្នានេះ ក្នុងមូលដ្ឋានក្រុងបាវិតបានដំណើរការចុះបញ្ជីដីធ្លីរួចរាល់ស្ទើរតែគ្រប់ភូមិ និងសង្កាត់ ដោយបច្ចុប្បន្នគឺនៅសល់តែ ១ភូមិ ទៀតប៉ុណ្ណោះ ប៉ុន្តែក៏កំពុងបន្តចុះវាស់វែង នឹងឈានទៅបញ្ចប់នាពេលឆាប់ៗខាងមុខផងដែរ ។
ឯកឧត្តមបន្ថែមថា ក្នុងនាមរដ្ឋបាលខេត្ត សូមសម្ដែងនូវការអរគុណ និងកោតសរសើរបងប្អូនមន្ត្រីរាជការសុរិយោដីគ្រប់លំដាប់ថ្នាក់ និងប្អូនៗយុវជនស្ម័គ្រចិត្តទាំងអស់ ដែលបានលះបង់នូវពេលវេលា ពេលខ្លះក៏ត្រូវចុះបំពេញការងារទាំងថ្ងៃឈប់សម្រាក ដើម្បីចូលរួមចំណែកនៅក្នុងបេសកកម្មដ៏មានសារៈសំខាន់នេះ។
ឯកឧត្តមបានផ្ដាំផ្ញើដល់អាជ្ញាធរ និងកងកម្លាំងមូលដ្ឋាននូវបញ្ហាមួយចំនួនដូចជាៈ
-ត្រូវបន្ត យកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ សង្កាត់មាន សុវត្ថិភាព។
-ត្រូវបង្កើនការអប់រំ ផ្សព្វផ្សាយ និងរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។
-ការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទទាំងការលេង ល្បែងស៊ីសងខុសច្បាប់ ក្មេងទំនើង និងបទល្មើសលួច ឆក់ ប្លន់នៅមូលដ្ឋាន ជាពិសេសគឺបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានអោយមានប្រសិទ្ធភាពខ្ពស់៕គឹមសេង