ថ្នាក់ដឹកនាំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ រួមជាមួយពុទ្ធបរិស័ទ សូត្រមន្តត្រៀមរៀបចំពិធីដង្ហែអង្គកឋិនទានសាមគ្គីឆ្ពោះទៅកាន់ស្រុកសណ្ដាន់ ខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ នៅរសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានជួបជុំថ្នាក់ដឹកនាំ ខេត្ត រួមជាមួយនាយទាហាន នាយទាហានរង និងពលទាហាន ព្រមទាំងក្រុមគ្រួសារ និងឧបាសក ឧបាសិកា ពុទ្ធសាសនិកជន ដែលជាអ្នកផ្ដើមពិធីបុណ្យអង្គកឋិនទានសាមគ្គី ដើម្បីសូត្រមន្ត ទេសនា ប្រមូលបច្ច័យ ប្រុងប្រៀបរៀបចំពិធីអង្គទានសាមគ្គី ដើម្បីដង្ហែឆ្ពោះទៅកាន់វត្តបទុមសាគរ ហៅវត្ត ស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលពិធីនេះស្ថិតក្រោមអធិបតីភាពឯកឧត្តម ដៀល ពីរី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ញុឹក​ បាន​ខេង​ អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនាមអ្នកផ្ដើមបុណ្យអង្គកឋិនទានសាមគ្គី  បានសូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ ក្នុងជួរថ្នាក់ដឹកនាំខេត្ត ក្រុមប្រឹក្សាខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំងបី និងលោក លោកស្រី  លោកយាយ លោកតា នាយទាហាន  នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ ដែលបានលះបង់ពេលវេលា និងថវិកាចូលរួមក្នុងពិធីអង្គកឋិនទានសាមគ្គីនេះ ដើម្បីរួមចំណែកក្នុងការកសាងសមិទ្ធផលនានា នៅក្នុងទីអារាមវត្តស្រែវាលខាងកើត ឃុំដងកាំបិត ស្រុកសណ្ដាន់ ដែលកំពុងមានការខ្វះខាត។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានសូមគោរពជូនពរដល់ថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី  លោកយាយ លោកតា ពុទ្ធបរិស័ទទាំងអស់ ដែលបានចូលរួមចំណែកចាប់មគ្គផលក្នុងពិធីបុណ្យអង្គកឋិនទានសាមគ្គីនេះ សូមទទួលបាននូវសេចក្តីសុខ សេចក្តីចម្រើន និងទទួលបាននូវពុទ្ធពរទាំង ៤ ប្រការ គឺអាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។