កំពង់ចាម: ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ រួមជាមួយឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍ ១កន្លែងដល់យុវតី គឹម យ៉េកហ៊ាង ដែលប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A ដោយមានជីវភាពខ្វះខាត នៅឃុំសូភាស ស្រុកស្ទឹងត្រង់។
គួរបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០២៣-២០២៤ក្នុងចំណោមបេក្ខជនជាង២ពាន់នាក់ដែលប្រឡងជាប់និទ្ទេស A ក៏មានយុវតី គឹម យ៉េកហ៊ាង ម្នាក់ដែរ ប៉ុន្តែដោយសារជីវភាពខ្វះខាតខ្លាំង ទើបនាងមិនមានលទ្ធភាពបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ដែលជារឿងគួរឲ្យសោកស្ដាយសម្រាប់នាងនិងគ្រួសារ។
បន្ទាប់ពីឃើញព័ត៌មាននៅលើបណ្ដាញសង្គម នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ ឯកឧត្តម រដ្ឋមន្ត្រី ហួត ហាក់ និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានចុះទៅមើលស្ថានភាពពិតដល់ផ្ទះរបស់យុវតី គឹម យ៉េកហ៊ាង និងបានជួបសំណេះសំណាល ព្រមទាំងបានលើកទឹកចិត្តដល់យ៉េកហ៊ាងឲ្យតាំងចិត្តបន្តការសិក្សាទៅមុខទៀត ពិសេសថ្នាក់ដឹកនាំទាំងពីរបានឧបត្ថម្ភម៉ូតូ១គ្រឿង និងផ្ដល់អាហារូបករណ៍១កន្លែងដល់យុវតី គឹម យ៉េកហ៊ាង ដើម្បីមានឱកាសបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សា ៕