កំពង់ចាម: ពូជស្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាដែលជាប្រព័ន្ធស្បៀងបម្រុងប្រមាណជា ៨០,០៦តោន ត្រូវបានចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ នៅក្នុងស្រុកស្ទឹងត្រង់ ដើម្បីដាំដុះស្តារជីវភាពគ្រួសារឡើងវិញ នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមវត្តមាន ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រី ក្រសួងទេសចរណ៍ និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា ក្នុងរដូវវស្សាឆ្នាំ២០២៤នេះ ស្ថានភា រនៃការបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករ ក្នុងខេត្តកំពង់ចាម បានជួបប្រទះបញ្ហាដោយគ្រោះ មហន្តរាយ រាំងស្ងួត ជំនន់ទឹកទន្លេមេគង្គ និងជំនន់ទឹកភ្លៀងក្នុងចុងរដូវ ដែលបណ្តាលឱ្យប៉ះពាល់ និងខូចខាតដំណាំស្រូវ សរុបចំនួន ៥.៣៨៧ហ.ត ស្មើនឹង ៩.២៦៥ គ្រួសារ ក្នុងនោះទឹកជំនន់ទន្លេមេគង្គប៉ះពាល់ស្រុកស្ទឹងត្រង់ ខូចខាតផ្ទៃដីសរុប ៦៨៦ហ.ត ១.២៥០គ្រួសារ ៧ឃុំគឺ ៖ ឃុំទួលសំបួរ ឃុំខ្ពបតាងួន ឃុំពាមកោះស្នា ឃុំអារក្សត្នោត ឃុំព្រែកបាក់ ឃុំព្រែកកក់ និងឃុំទួលព្រះឃ្លាំង សម្រាប់ថ្ងៃនេះជាការចែកជូនបន្តលើកទី៣ ជាលើកចុងក្រោយ បន្ថែមបង្គ្រប់ចំនួន៦ឃុំ ក្នុងស្រុកស្ទឹងត្រង់ មាន៖ ឃុំទួលសំបូរ ឃុំខ្ពបតាងួន ឃុំពាមកោះស្នា ឃុំអារក្សត្នោត ឃុំព្រែកបាក់ និងឃុំព្រែកកក់ ដែលមានផ្ទៃដីសរុប ៥១៧ហ.ត ស្មើនឹង ៨០៦គ្រួសារ ដោយក្នុង១គ្រួសារ ទទួលបានពូជស្រូវ ចំនួន១០០គីឡូក្រាម ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា គោលដៅរបស់រាជរដ្ឋាភិបាល គឺជួយបងប្អូនប្រជាកសិករឱ្យមានសន្តិសុខស្បៀង និងមានប្រសិទ្ធភាពសេដ្ឋកិច្ច ពោលគឺមានហូបគ្រប់គ្រាន់ និងមានបាន ដោយរាជរដ្ឋាភិបាល មិនទុកនរណាម្នាក់ចោលនោះទេ និងតែងតែយកចិត្តទុកដាក់ ផ្តល់ជំនួយ ព្រមទាំងជួយស្តារនូវផលប៉ះពាល់កន្លងមក។
ឯកឧត្តមរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា រាជរដ្ឋាភិបាល បានដាក់ចេញនូវកម្មវិធីគោលនយោបាយអាទិភាព ក្នុងការរក្សាស្ថេរភាពថ្លៃកសិផល កាត់បន្ថយថ្លៃដើមផលិត ការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មទៅគ្រប់ឃុំ-សង្កាត់ និងការរៀបចំសហគមន៍កសិកម្មទំនើប ដើម្បីជួយគាំទ្រលើផ្នែកបច្ចេកទេស ការផ្តល់ព័ត៌មានការប្រឹក្សាយោបល់ និងជួយដោះស្រាយបញ្ហាពាក់ព័ន្ធ នឹងការងារកសិកម្មដល់កសិករក្នុងគោលបំណងបង្កើនផលិតភាព កសិកម្ម ជំរុញជីវភាពធានាបាននូវសន្តិសុខ និងសុវត្តិភាពស្បៀងផងដែរ ៕