(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បន្ទាប់ពីការគោរពទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជាឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីផ្សព្វផ្សាយសភាពការណ៍ថ្មីៗ ដែលកើតមានឡើងនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួន ជូនដល់នាយទាហាន នាយទាហានរង និងពលទាហាននៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រទេសជាតិយើងបន្តជ្រកក្រោមម្លប់សុខសន្តិភាព និងមានការអភិវឌ្ឍ ។ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ និងនៅលើពិភពលោក ត្រូវបានប្រែមុខប្រែមាត់ថ្មី លេចធ្លោបន្ថែមទៀតនៅលើឆាកអន្តរជាតិ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗចាំបាច់មួយចំនួនជូនដល់ថ្នាក់ដឹកនាំ និងនាយទាហាន នាយទាហានរង និងពលទាហាននៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ត្រូវស្មោះត្រង់ដាច់ខាតចំពោះជាតិសាសនាព្រះមហាក្សត្រ ការពារឱ្យបានដាច់ខាតនូវរាជរដ្ឋាភិបាលស្របច្បាប់ដែលកើតចេញពីការបោះឆ្នោត ។ ជាមួយនោះដែរ ត្រូវចូលរួមសហការជាមួយអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធទាំងបីក្នុងការអនុវត្តនូវគោលនយោបាយភូមិ.ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល ឲ្យទទួលបានជោគជ័យ ។ ហើយចំពោះមុខនេះត្រូវយកចិត្តទុកដាក់ចូលរួមក្នុងកិច្ចសហប្រតិបត្តិការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ឲ្យមានប្រសិទ្ធភាព និងការចូលរួមដាំស្ដារព្រៃឈើឡើងវិញ តាមផែនការដែលបានគ្រោងទុក ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក៏បានណែនាំភារកិច្ចមួយចំនួនទៀតក្នុងការរៀបចំពិធីបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងខួបអនុស្សាវរីយ៍លើកទី៧១ ថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ដែលនឹងត្រូវរៀបចំនៅវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងនៅវិមានឯករាជ្យខេត្តកំពង់ធំ នៅពេលដ៏ខ្លីខាងមុខនេះ ឲ្យមានភាពអធិកអធម និងជាការដឹងគុណដល់វិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជនយុទ្ធនារី ដែលបានពលីជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាជនកម្ពុជា នាពេលកន្លងទៅ៕