ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ផ្តួចផ្ដើមធ្វើអង្គកឋិនទានសាមគ្គីដង្ហែនៅវត្តពាមមេត្រី ស្រុកកំពង់ស្វាយ ដើម្បីប្រមូលបច្ច័យមកកសាងនៅបរិវេណវត្តឱ្យមានការរីកចម្រើន

0

(កំពង់ធំ)÷ ព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ ព្រះចៅអធិការវត្តពាមមេត្រី លោកអាចារ្យ ពុទ្ឋបរិស័ទ្ឋិចំណុះជើងវត្ត និងបងប្អូនប្រជាពលរដ្ឋ មានសទ្ធាជ្រះថ្លាផ្តួចផ្តើមប្រារព្ធអង្គកឋិនទានសាមគ្គី ដង្ហែប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាសក្នុងព័ទ្ធសីមានៅវត្តពាមមេត្រី ស្ថិតនៅពោធិ៍ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤។

អង្គកឋិនទាននេះ ប្រារព្ធឡើងនៅរសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ពុទ្ធបរិស័ទ្ធជិតឆ្ងាយជួបជុំប្រារព្ធពិធីក្រុងពាលី និងសូត្រមន្តទៅតាមប្រពៃណីសាសនា លុះព្រឹកឡើងថ្ងៃទី០៤ខែឆ្នាំដ៏ដែល បានធ្វើពិធីដង្ហែអង្គកឋិនទាន ដោយមានត្រៃចីវរ សង្ឃាដី ស្បង់ ចីវរ និងទេយ្យទានផ្សេងៗ ព្រមទាំងបច្ច័យមួយចំនួន ដើម្បីវេប្រគេនព្រះសង្ឃគង់ចាំវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមានៅវត្តពាមមេត្រីជាកិច្ចបញ្ចប់កម្មវិធីបុណ្យ។

នៅក្នុងឱកាសនេះព្រះគ្រូធម្មកវីវង្សាចារ្យ ឡាន់ សុមនោ មានសង្ឃដីកាថា បច្ចុប្បន្នដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយបន្តដឹកនាំដោយសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែតទើបប្រជាពលរដ្ឋ ពុទ្ធិបរិស័ទ មានឱកាសបានប្រព្រឹត្តធ្វើបុណ្យទៅតាម ទំនៀមទម្លាប់ប្រពៃណី និង ជំនឿសាសនារៀងៗខ្លួន ។

ព្រះចៅអធិការវត្តពាមមេត្រី បានមានសង្ឃដីកាបញ្ជាក់ទៀតថា ដើម្បីធានាបាននូវសុខសន្តិភាពឱ្យបានគង់វង្សជានិរន្តន៍ យើងទាំងអស់ត្រូវតែការពារសុខសន្តិភាពដែលមានស្រាប់ ហើយខិតខំអភិវឌ្ឍមូលដ្ឋានឲ្យកាន់តែមានការរីកចម្រើន និងចូលរួមឱ្យបានម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាព ដោយលុបបំបាត់រាល់បទល្មើសនានាក្នុងមូលដ្ឋាន ក៍ដូចជារួមគ្នាថែរក្សាអនាម័យឱ្យបានជាប់ជានិច្ច។

គួរបញ្ជាក់ថា បុណ្យកឋិនទាន គឺជាពិធីបុណ្យប្រពៃណីព្រះពុទ្ធសាសនាមួយដែលប្រជាជនខ្មែរចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញព្រះវស្សា។ បុណ្យកឋិនតែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃទី១៥កើត ខែកត្តិក គឺពុំមានវត្ដណាមួយត្រូវបានខកខានឡើយ។ ហើយបើទីអារាមណាមិនមានកឋិនណាមួយហែចូលទេ ទីអារាមនោះក៏ត្រូវតែរៀបចំជាកឋិនជើងវត្តដែរ។ ពិធីហែអង្គកឋិនទៅកាន់ទីអារាមនីមួយៗ គេរៀបចំធ្វើឡើងយ៉ាងអធិកអធម្មសប្បាយរីករាយយ៉ាងក្រៃលែង ហើយអ្នកផ្ដើមបុណ្យតែងរៀបចំបរិក្ខាកឋិនមានត្រៃចីវរ សង្ឃាដី ស្បង់ និងទេយ្យទានផ្សេងៗទៀតដូចជា បាត ចានស្រាក់ កាំបិត ចេស ម្ជុល ថង់យាម និងឆ័ត្រជាដើម រួចគេនាំគ្នាហែទៅទីអារាមដែលបានកំណត់ទុក។ អត្ថបទលោក ធូ កែវមុន្នី