ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំក្រុមការងារចុះត្រួតពិនិត្យ​ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ដារឡើងវិញផ្លូវចំនួន៣គម្រោង នៅខេត្តត្បូងឃ្មុំ

0

ត្បូងឃ្មុំ​:​ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការលទ្ធកម្ម តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ​ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ​ អញ្ជើញ​ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ៣គម្រោង នៅខេត្តត្បូងឃ្មុំ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

ការចុះត្រួតពិនិត្យនិងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវចំនួន៣គម្រោង នាឱកាសនោះ រួមមាន ៖ គម្រោងទី១ ៖ ការងារស្ដាតឡើងវិញផ្លូវក្រាលបេតុងចំនួន១ខ្សែ ប្រវែង២.០៣០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស០.២ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ១ម៉ែត្រ កម្រាស០.២ម៉ែត្រ ស្ថិតនៅភូមិក្ដុលលើ ឃុំទ្រា ទៅភូមិខ្សាច់ប្រឆេះក្រោម ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គម្រោងទី២ ៖ ការងារស្ដារឡើងវិញផ្លូវក្រាលបេតុង ចំនួន១ខ្សែ ប្រវែងសរុប១.៨០០ម៉ែត្រ ទទឹង៨ម៉ែត្រ កម្រាស់០.២ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ១ម៉ែត្រ កម្រាស់០.២ម៉ែត្រ ស្ថិតនៅភូមិទ្រាទី៣ ទៅភូមិទ្រាទី១ ឃុំទ្រា ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។

គម្រោងទី៣ ៖ ការងារស្ដារឡើងវិញផ្លូវក្រាលកៅស៊ូ(DBST) ចំនួន១ខ្សែ ប្រវែង២.៧០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ១ម៉ែត្រ កម្រាស់០.២ម៉ែត្រ សាងសង់លូមូលមុខ៣ចំនួន ៣កន្លែង លូមូលមុខ២ ចំនួន២កន្លែង និងលូមុខ១ ចំនួន៥កន្លែង ស្ថិតនៅភូមិចម្លាក់ ទៅភូមិចក ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។

បន្ទាប់ពីឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ ដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យនិងប្រជុំពិភាក្សាជាមួយអ្នកទទួលការអ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។

ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួង ក៏បានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋឱ្យជួយចូលរួមថែទាំផ្លូវទាំងអស់នេះ ឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះ អាចប្រើប្រាស់បានយូរអង្វែង ជាបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ផ្លូវទាំង៣កម្រោងនេះផងដែរ៕