សម្តេចតេជោ សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តល់អាវរងារជូនដល់ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ

0

ខេត្តព្រះវិហារ៖ បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា ទទួលបានអាវរងារដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ​សម្រាប់ចែកជូនដល់នាយទាហាន នាយទាហានរង និងពលទាហាន នៃតំបន់ប្រតិបត្តិការសឹករងខេត្ត និងបណ្តាអង្គភាពចំណុះ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទាំងអស់ នាថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ។

នៅក្នុងឱកាសចែកអាវរងារជូន នាយទាហាន នាយទាហានរង និងពលទាហាន  មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានធ្វើការផ្សព្វ​ផ្សាយ​ផែនការ​ និងសភាពការណ៍ថ្មីៗ​ ជូនដល់កងទ័ពទាំង​អស់ ​ឱ្យបានជ្រាបផងដែរ ​។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជានិច្ចជាកាលតែងបានគិតគូរយកចិត្តដាក់ ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងទ័ព ជាពិសេសនៅក្នុងរដូវរងារ សម្តេចបានចែកអាវរងារ និងនៅក្នុងរដូវវស្សា សម្តេចបានចែកអាវភ្លៀង ដើម្បីផ្តល់ភាពកក់ក្តៅដល់កងទ័ព ទាំងអស់ ទាំងនៅជួរមុខ និងជួរក្រោយជាប់ជាប្រចាំ។

លោកឧត្តមសេនីយ៍ទោ មេបញ្ជាការសឹករងខេត្ត បានអំពាវនាវដល់កងទ័ព នៅទូទាំងតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រូវប្តេជ្ញាការពារជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលស្របច្បាប់ ដែលប្រសូត្រចេញពីការបោះឆ្នោត ដោយសេរី ត្រឹមត្រូវ យុត្តិធម៌ ស្របតាមលិទ្ធិប្រជាធិបតេយ្យ ដើម្បីឱ្យប្រទេសជាតិ មានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចំរើនលើគ្រប់វិស័យ និងយូរអង្វែងតរៀងទៅ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានប្រាប់ងកទ័ពទាំងអស់ ត្រូវចូលរួមក្នុងការទប់ស្កាត់ បង្ក្រាបបទល្មើសធនធានធម្មជាតិ បទល្មើសនេសាទខុសច្បាប់ បទល្មើសគ្រឿងញៀនឆ្លងដែន ឱ្យបានខ្លាំងក្លាថែមទៀត ដោយអនុវត្តតាមការណែនាំ និងបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តព្រះវិហារ ឱ្យបានម៉ឺងម៉ាត់បំផុត៕ដោយ៖ឡុង សំបូរ