សាខាសមាគមនារីខេត្តកំពង់ចាម ចែកធុងចម្រោះទឹកស្អាតចំនួន ៦១៧ធុង ជូនដល់ពលរដ្ឋនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម

0

កំពង់ចាម: ដោយការគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិសាខា បានអញ្ជើញចែកធុងចម្រោះទឹកស្អាតចំនួន ៦១៧ធុង ស្មើនឹង ៦១៧គ្រួសារ ជូនដល់ប្រជាពលរដ្ឋមកពីភូមិចំនួន៤ ក្នុងសង្កាត់សំបួរមាស នារសៀលថ្ងៃទី០២ ខែវិច្ឆកា ឆ្នាំ២០២៤ នៅវត្តខេមវន្តបឹងស្នាយ ភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ក៏បានពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលតែងគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខ និងរក្សារ ការពារ បម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំ។

លោកជំទាវបន្តថា តាមរយៈការផ្តល់ជូនធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការស្តែងចេញនូវការយកចិត្តទុកដាក់របស់រជារដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់របស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ព្រមជាមួយនឹងការខិតខំយកចិត្តទុកដាក់ពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកបានខិតខំស្វែងរកម្ចាស់ជំនួយ ពីប្រទេសវៀតណាម ដើម្បីបានសម្ភារៈនេះមក ចែកជូនបងប្អូនទាំអស់គ្នា និងដោយមានកិច្ចសហការយ៉ាងស្អិតរមួត របស់សមាគមនារីខេត្ត ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា ជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ លើសពីនេះសមាគមនារីថ្នាក់ខេត្តកំពង់ចាម នឹងបន្តកិច្ចសហការជិតស្និតជាមួយរដ្ឋបាល ក្រុង-ស្រុក និងអនុសាខាសមាគមនារីក្រុង-ស្រុក ដើម្បីអនុវត្តគម្រោងនេះចែកជូនដល់បងប្អូន នៅក្នុងឃុំសង្កាត់ផ្សេងទៀតក្នុងខេត្តកំពង់ចាមផងដែរ ៕