ធុងចម្រោះទឹកស្អាតចំនួន ២៣៦ធុង ត្រូវបានសាខាសមាគមនារីខេត្តកំពង់ចាម ចែកជូនប្រជាពលរដ្ឋនៅឃុំទំនប់ ស្រុកបាធាយ

0

កំពង់ចាម: សាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខេត្តកំពង់ចាម ដឹកនាំដោយលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខា និងលោកជំទាវ ប៉ាង ដានី ប្រធានប្រតិបត្តិ បានអញ្ជើញចែកធុងចម្រោះទឹកស្អាតចំនួន ២៣៦ធុង ស្មើនឹង ២៣៦គ្រួសារ ក្នុងនោះក៏មានជនមានពិការភាពចំនួន ៣៥នាក់ផងដែរ។ ដែលពិធីនេះធ្វើនៅក្នុងបរិវេណសាលាឃុំទំនប់ ស្រុកបាធាយ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆកា ឆ្នាំ២០២៤ ។

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា មានប្រសាសន៍ថា តាមរយៈការផ្តល់ជូនធុងចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការស្តែងចេញនូវការយកចិត្តទុកដាក់របស់រជារដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងថ្នាក់ដឹកនាំខេត្ត គ្រប់លំដាប់ថ្នាក់របស់ រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ ព្រមជាមួយនឹងការខិតខំយកចិត្តទុកដាក់ពី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ដែលលោកបានខិតខំស្វែងរកម្ចាស់ជំនួយ ពីប្រទេសវៀតណាម ដើម្បីបានសម្ភារៈនេះមក ចែកជូនបងប្អូនទាំអស់គ្នា និងដោយមានកិច្ចសហការយ៉ាងស្អិតរមួត របស់សមាគមនារីខេត្ត ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ធ្វើយ៉ាងណា ជួយសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋទាំងអស់គ្នា។ លើសពីនេះសមាគមនារីថ្នាក់ខេត្តកំពង់ចាម នឹងបន្តកិច្ចសហការជិតស្និតជាមួយរដ្ឋបាល ក្រុង-ស្រុក និងអនុសាខាសមាគមនារីក្រុង-ស្រុក ដើម្បីអនុវត្តគម្រោងនេះចែកជូនដល់បងប្អូន នៅក្នុងឃុំសង្កាត់ផ្សេងទៀតក្នុងខេត្តកំពង់ចាម។

ឆ្លៀតក្នុងឱកាសនោះលោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ក៏បានពាំនាំការផ្តាំផ្ញើ សួរសុខទុក្ខ ពីសំណាក់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម ដែលតែងគិតគូរ និងយកចិត្តទុកដាក់ពីសុខទុក្ខ និងរក្សារ ការពារ បម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋជាប្រចាំ។

នាឱកាសនោះដែរលោកជំទាវ ប៉ាង ដានី ក៏បានណែនាំទៅកាន់ប្រជាពលរដ្ឋដែលទទួលបានធុងចម្រោះទឹកស្អាត ពីរបៀបប្រើប្រាស់ លាងសម្អាត និងទុកដាក់ឲ្យបានត្រូវត្រឹមទៅតាមការណែនាំ ដើម្បីជៀសវាងយកទៅប្រើប្រាស់ខុស ធ្វើឪ្យប៉ះពាល់ដល់សុខភាព និងឆាប់ខូចខាតផងដែរ។