បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ត្រៀមបញ្ជូនទូក” ង” ឈ្មោះ”តំបន់សឹកសែនជ័យ បារមីលោកតាឌី” ចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍អុំទូកនៅទំបន់៩៥ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្ត

0

ខេត្តព្រះវិហារ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា នៅថ្ងៃទី៥វិច្ឆិកា២០២៤នេះ បានដឹកនាំនាយទាហាន នាយទាហានរង និងពលទាហាន រួមទាំងក្រុមកីឡាករ ២៧នាក់ ធ្វើពិធីក្រុងពាលី ដើម្បីសុំសេចក្តី​សុខសប្បាយ​ ពីម្ចាស់ទឹកម្ចាស់ដី​ ដែលថែរក្សាដែនដីខេត្ដ​ ជួយប្រោះព្រំដល់ក្រុមកីឡាករទូក ​”ង” ឈ្មោះ​(​ តំបន់​សឹកសែនជ័យ​ បារមីលោកតាឌី) ដែលត្រៀមបញ្ជូនទៅចូលរួមប្រកួតប្រជែងយកជ័យលាភី ក្នុងព្រឹត្តិការណ៍អុំទូក នៅទំនប់៩៥ មានរយៈពេល ២ថ្ងៃ គឺនៅ(ថ្ងៃ៩-១០វិច្ឆិកា២០២៤) ស្ថិតនៅក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ​​ ដែលរៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ។

មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា មានប្រសាសន៍ថា បញ្ជាការដ្ឋានតំបន់សឹកព្រះវិហារ បានត្រៀមគ្រប់លក្ខណៈសម្បត្តិរួចជាស្រេច ដើម្បីបញ្ជូនទូក​”ង” ឈ្មោះ​(​ តំបន់​សឹកសែនជ័យ​ បារមីលោកតាឌី) ដែលទូកនេះមានចំណុះ ២២នាក់ ពាក់លេខ០៨ ដើម្បីចូលរួមអុំ និងប្រកួតប្រជែងជាមួយទូកនានា មកពីគ្រប់បណ្តាស្ថាប័ន មន្ទីរ អង្គភាព ក្រុង ស្រុក ចំណុះរដ្ឋបាលខេត្ត ដែលពិធីបុណ្យអុំទូកនោះ នឹងប្រព្រឹត្តទៅមានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី៩វិច្ឆកា ដល់ថ្ងៃទី១០វិច្ឆិកា២០២៤ នៅទំនប់៩៥ ស្ថិតក្នុងសង្កាត់ប៉ាលហាល ក្រុងព្រះវិហារ រៀបចំឡើងដោយរដ្ឋបាលខេត្តព្រះវិហារ ដើម្បី​អបអរសាទរ​ ព្រះរាជ​ពិធី​បុណ្យ​អុំ​ទូក​ បណ្ដែត​ប្រទីប​ និងសំពះ​ព្រះ​ខែ​ អកអំបុក​ នាពេល​ខាង​មុខ​នេះ​ ។

លោកឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្ត្រា បានផ្តាំផ្ញើដល់ក្រុមកីឡាកររបស់ ទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទាំង ២៧រូប ឱ្យខិតខំធ្វើការហ្វឹកហាត់ ដើម្បីទទួលបានជ័យលាភី នៅក្នុងពេលប្រកួតប្រជែង ហើយនៅក្នុងរយៈពេលហ្វឹកហាត់នេះ សូមគោរពបទពបញ្ជា បទវិន័យរបស់កងទ័ពឱ្យបានល្អ និងផ្អាកការពិសារគ្រឿងស្រវឹងមួយរយៈសិន ជៀសវាងកុំឱ្យប៉ះពាល់ដល់សុខភាព ហើយមិនអាចចូលរួមក្នុងការប្រកួតប្រជែងបាន ក្នុងរយៈពេលអុំ ២ថ្ងៃ នាពេលខាងមុខនេះ។

លោកឧត្តមសេនីយ៍មេបញ្ជាការ មានក្តីសង្ឃឹមយ៉ាងមុតមាំថា ក្រុមកីឡាករទូក​”ង” ឈ្មោះ ​(​ តំបន់​សឹកសែនជ័យ​ បារមីលោកតាឌី ) នឹងទទួលបានលទ្ធលផលល្អ ក្រោយបញ្ចប់ពីការអុំ ហើយនាំយកជ័យលាភី មកប្រគល់ជូនអង្គភាពតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ជាក់ជាពុំខានឡើយ៕ដោយ៖ឡុង សំបូរ