សៀមរាប៖សមត្ថកិច្ចប៉ូលិសខេត្តសៀមរាបកាលពីថ្ងៃទី២៨ខែតុលាឆ្នាំ២០១៤បានចាប់ឃាត់ខ្លួនជនសង្ស័យជាចោរលួចម្នាក់ពេលកំពុងធ្វើសកម្មភាពលក់ម៉ូតូស្មាស់កញ្ជាស់មួយគ្រឿងដែលជននោះបានលួចយកមកពីខេត្តឧត្តរមានជ័យ។
យោងតាមរបាយការណ៍របស់ប៉ូលិសអោយដឹងថាជនសង្ស័យដែលត្រូវបានចាប់ឃាត់ខ្លួននោះមានឈ្មោះសាន់អូនអាយុ៣៩ឆ្នាំរស់នៅក្នុងភូមិអូរទឹកថ្លាឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ។ជនសង្ស័យរូបនេះបានធ្វើសកម្មភាពលួចយកម៉ូតូម៉ាកស្មាសកូនកាត់មួយគ្រឿងពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ១AK-៣៩១១កាលពីថ្ងៃទី២៧ខែតុលាឆ្នាំ២០១៤អំឡុងពេលដែលម្ចាស់របស់វាទុកនៅក្រោមផ្ទះក្នុងភូមិឃុំខាងលើ។
លោកវរៈសេនីយត្រីហុងប៊ុនហាវនាយរងការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្នាននគបាលខេត្តសៀមរាបបានអោយដឹងថាជនសង្ស័យត្រូវបានចាប់ខ្លួននៅក្នុងស្រុកសូទ្រនិគមខេត្តសៀមរាបវេលាម៉ោង១២.០០ថ្ងៃត្រង់បន្ទាប់ពីលក់ម៉ូតូនោះបាន១០ម៉ឺនរៀល។លោកវរៈសេនីយត្រីហុងប៊ុនហាវបានអោយដឹងទៀតថាបច្ចុប្បន្នជនសង្ស័យត្រូវបានកសាងសំណុំរឿងរួចហើយដើម្បីចាត់ការទៅតាមនិតិវិធីនៃច្បាប់៕ ដោយ ខេង ឧត្តម



































