(ខេត្តកំពង់ធំ)៖ នៅរសៀលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងលោកជំទាវ នួន វិធាវី បានដឹកនាំសហការី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាំយកត្រៃធំអង្គកឋិន ទេយ្យទាន និងបច្ច័យមួយចំនួន ទៅប្រគេនព្រះសង្ឃ និងប្រគល់ជូនគណកម្មការអាចារ្យវត្ត សម្រាប់ចូលរួមក្នុងកម្មវិធីអង្គកឋិនទានសាមគ្គី នៅវត្តឥន្ទ្រីយ៍សំវរ: ហៅវត្តកំពង់ធំ ស្ថិតនៅក្នុងសង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ក្រោមម្លប់សុខសន្តិភាព និងការឯកភាពជាតិពេញលេញ ដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ឋចក្រ ។ ក្នុងនោះវិស័យព្រះពុទ្ធសាសនាដែលបច្ចុប្បន្ននេះមានវត្តអារាម ជាង ៥,០០០ វត្ត និងមានព្រះសង្ឃគង់នៅចំនួនជាង ៧,០០០ អង្គ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានគូសបញ្ជាក់បន្ថែមទៀតថា ដើម្បីទ្រទ្រង់ក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលមានប្រជាពលរដ្ឋគោរពបូជាក្នុងវិស័យព្រះពុទ្ធសាសនានេះ យ៉ាងច្រើនលើសលប់ ។ កន្លងមកថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារ តែងតែចូលរួមឧបត្ថម្ភគាំទ្រ និងជួយកសាងសមិទ្ធផលនានាជាច្រើននៅតាមទីអារាមនៅក្នុងខេត្តកំពង់ធំ រួចមកហើយ។
នៅក្នុងឱកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានប្រគេននូវបច្ច័យ និងប្រគល់នូវទេយ្យទានដល់ព្រះសង្ឃ និងលោកតាគណ:កម្មាធិការវត្ត មាន អង្ករចំនួន២៥០គីឡូក្រាម មីជាតិចំនួន១០កេស ត្រីខចំនួន១០យួរ ជូនគណ:កម្មការអាចារ្យវត្តសម្រាប់រៀបចំផ្គត់ផ្គង់ចង្ហាន់ព្រះសង្ឃ និងប្រគេនបច្ច័យចំនួន១,២២០,០០០ រៀល ត្រៃចីវរអង្គកឋិនទាន ដល់ព្រះសង្ឃសម្រាប់ចូលរួមអង្គឋិនទានសាមគ្គី និងចូលរួមក្នុងការកសាងសមិទ្ធផលនានានៅក្នុងទីអារាមនេះ បន្តទៀតផងដែរ។
ព្រះទេពសត្ថា សៀង សុខ ព្រះរាជាគណៈ ថ្នាក់ចត្វា ព្រះសត្ថាបារមី ព្រះមេគណខេត្តកំពង់ធំ និងជាព្រះចៅអធិការវត្តឥន្រ្ទីយ៍សំវរៈ ហៅវត្តកំពង់ធំ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតនូវទឹកចិត្តសទ្ធាជ្រះថ្លារបស់ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្ដិការសឹករងកំពង់ធំ និងលោកជំទាវ ព្រមទាំងសហការីទាំងអស់ ដែលតែងតែយកចិត្តទុកដាក់ជួយដោះស្រាយនូវរាល់ការលំបាក និងជួយទំនុកបម្រុងក្នុងការកសាងសមិទ្ធផលនានានៅទីអារាមវត្តកំពង់ធំនេះ ជារៀងរហូតមក។ អត្ថបទ វេហាស៍