ខេត្តកែបរៀបចំសិក្ខាសាលាផ្សព្វផ្សាយ​ ស្តីពី​ កិច្ចការព្រំដែន​ ជូនមន្ត្រីរាជការ​ និងអាជ្ញាធរពាក់ព័ន្ធ

0

ដោយលោក សេង ណារិទ្ធ
ខេត្តកែបៈ សិក្ខាសាលាផ្សព្វផ្សាយ ស្តីពី កិច្ចការព្រំដែន ជូនមន្ត្រីរាជការ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ ក្នុងខេត្តកែប ត្រូវបានរៀបចំឡើង នៅព្រឹកថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។ សិក្ខាសាលានេះរៀបចំឡើង ដដោយរដ្ឋបាលខេត្តកែប សហការជាមួយ​ រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន​ ក្រោមអធិបតីភាព​ដ៏ខ្ពង់ខ្ពស់​ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និង ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្តកែប ព្រមទាំង​មានការអញ្ជើញចូលរូមពីសំណាក ឯកឧត្តម លោកជំទាវ លោក លោកស្រី​ គណៈ​ប្រតិភូ​អមដំណើរ​ ឯកឧត្តម​រដ្ឋមន្រ្តី​ សមាជិក​ សមាជិកា​ ក្រុមប្រឹក្សាខេត្ត ប្រធាន​សាលា​ដំបូង​ខេត្ត​ ព្រះរាជ​អាជ្ញា​ អមសាលា​ដំបូង​ខេត្ត​ កងកម្លាំងទាំង៣​ ប្រធាន​ អនុប្រធាន​អង្គភាពពាក់ជុំវិញខេត្ត  អភិបាលក្រុង ស្រុក មន្ត្រី​រាជការ​ សិស្សនិស្សិត​ និង អ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

មានប្រសាសន៍​ស្វាគមន៍​ជូនអង្គសិក្ខាសាលានាឱកាសនោះ​ ឯកឧត្តមបណ្ឌិត សោម ពិសិដ្ឋ អភិបាល នៃគណៈអភិបាលខេត្ត បានលេីកឡេីងថា ខេត្តកែប ពុំមានព្រំដែនគោកជាប់ជាមួយប្រទេសជិតខាងនោះឡើយមានតែតំបន់ទឹកប្រវត្តិសាស្រ្តកម្ពុជា-វៀតណាម​ ដែលស្ថិតនៅប៉ែកខាងត្បូងនៃភូមិសាស្រ្តខេត្ត។  ឯកឧត្តម​ បន្ថែមទៀតថា ដើម្បីថែរក្សាសន្តិសុខនៅលើលម្ហសមុទ្រ តំបន់ទឹកប្រវត្តិសាស្រ្តកម្ពុជា វៀតណាម កម្លាំងនគរបាលការពារព្រំដែនទឹកវរៈសេនាតូចលេខ ៤៣០ប្រចាំខេត្តកែប រួមជាមួយនឹងកម្លាំងស្នាក់ការប៉ុស្តិ៍របស់គណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ ឈរជើងលើកោះពោធិ៍ តែងតែទំនាក់ទំនង និងល្បាតជាប្រចាំ ដើម្បីឃ្លាំមើលសកម្មភាពផ្សេងៗ និងទប់ស្កាត់ បង្រ្កាបរាល់បទល្មើសនានា​ នៅលើផ្ទៃសមុទ្រ។

ក្នុងឱកាស បើកអង្គសិក្ខាសាលានាពេលនោះដែរ​ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានធ្វើការកោតសសើរ​និងវាយតម្លៃខ្ពស់​ជូនចំពោះ​ ឯកឧត្តម បណ្ឌិត សោម ពិសិដ្ឋ អភិបាល​ នៃគណៈអភិបាលខេត្តកែប​ ដែលបានផ្តល់កិច្ចសហការ និងជួយសម្របសម្រួល ជាមួយរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដើម្បីរៀបចំកម្មវិធីសិក្ខាសាលា ផ្សព្វផ្សាយ ស្តីពិការកិច្ចការព្រំដែនដែលមានសារៈសំខាន់ នាពេលនេះប្រកបដោយភាពរលូន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន បានគូសបញ្ជាក់ជូនផងដែរថា កន្លងមកកិច្ចការព្រំដែនកម្ពុជា ជាមួយប្រទេសជិតខាង ត្រូវបានដឹកនាំ និងគ្រប់គ្រងដោយអាជ្ញាធរ ទទួលបន្ទុកកិច្ចការព្រំដែន ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជា ប្រធាន និងមានលេខាធិការដ្ឋានអចិន្ត្រៃយ៍មួយដែលជាសេនាធិការ ក្រោមការដឹកនាំរបស់ ឯកឧត្តម វ៉ា គឹមហុង អតីតទេសរដ្ឋមន្ត្រី​ ដោយឡែកក្នុងអាណតិ្តទី៧​ នៃរដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា​ ក្រោមការដឹកនាំដ៍ខ្ពង់ខ្ពស់របស់​ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រម្ពុជា បានសម្រេចបង្កើត រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ដែលមានលក្ខណៈអចិន្ត្រៃយ៍មានរចនាសម្ព័ន្ធពេញលេញ​ ជំនួសឲ្យអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន និងលេខាធិការដ្ឋានអចិន្ត្រៃ​យ៍ នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន​ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ទីស្ដីការគណ:រដ្ឋមន្រ្តី​។

ឯកឧត្តម បន្តទៀតថា ជាការពិតណាស់ កិច្ចការព្រំដែន​ ដែលជាកិច្ចការមានសារៈសំខាន់បំផុត និងជាអាយុជីវិតរបស់ជាតិ ហើយក៏ជាកិច្ចការមានអាទិភាពបំផុតមួយក្នុង យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទីមួយ របស់រាជរដ្ឋាភិបាល​ អាណត្តិ​ទី៧​ នេះ ហើយលោកសង្ឃឹមថា អង្គសិក្ខាសាលានេះ និងផ្តល់ការយល់ដឹងបន្ថែមអំពីការងារកិច្ចការព្រំដែន៕