រដ្ឋបាលខេត្តកំពង់ធំ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំ

0

(កំពង់ធំ)៖ នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៦ អាណត្តិទី៤ ក្រោមអធិបតីភាពឯកឧត្តម ជាតិ ស៊ីវុត្ថា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ដៀប ពីរី ប្រធានក្រុមប្រឹក្សាខេត្ត លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងសមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការជាច្រើនរូប នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម ជាតិ ស៊ីវុត្ថា  ថ្លែងថាកិច្ចប្រជុំនាពេលនេះ បានផ្តោតសំខាន់ទៅលើការត្រួតពិនិត្យការងារកន្លងមករបស់រដ្ឋបាលខេត្ត អក្ខរាវិរុទ្ធ និងខ្លឹមសារមិនពេញលេញ ក្នុងរបាយការណ៏នៅតាមមន្ទីរ អង្គភាព ដើម្បីកែលម្អឱ្យមានភាពត្រឹមត្រូវឡើងវិញ បានជំរុញលើកទឹកចិត្តដល់ប្រធានមន្ទីរអង្គភាពទាំងអស់ សូមយកចិត្តទុកដាក់ទៅលើរបាយការណ៍ឱ្យបានល្អប្រសើរ ជាពិសេសពេលផ្ញើមករដ្ឋបាលខេត្ត សូមពិនិត្យឱ្យបានត្រឹមត្រូវ ពីខ្លឹមសារ អក្ខរាវិរុទ្ធ ទិន្នន័យមួយចំនួនឱ្យបានច្បាស់លាស់ ។

ជាមួយគ្នានេះផងដែរឯកឧត្តមតំណាងប្រធានក្រុមប្រឹក្សាខេត្ត បានលើកយកកិច្ចប្រជុំសាមញ្ញលើកទី៥ របស់ក្រុមប្រឹក្សាខេត្ត ដែលមានរបៀបវារៈចំនួន៥ រួមមាន៖
១- ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី ០៥ របស់ក្រុមប្រឹក្សាខេត្ត
២- ពិនិត្យ និងអនុម័ត របាយការណ៍ប្រចាំខែ តុលា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត
៣- ពិនិត្យ និងអនុម័ត សេចក្តីព្រាង របាយការណ៍វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំឆ្នាំ២០២៤
៤- ពិនិត្យ និងអនុម័ត សេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពគណៈ កម្មាធិការលទ្ធកម្ម នៅក្នុងក្រុមប្រឹក្សាខេត្តកំពង់ធំ
៥- បញ្ហាផ្សេង

លោកជំទាវ លំ គន្ធារី អភិបាលរងខេត្តកំពង់ធំ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ ដឹកនាំដោយសម្ដេចមហាមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងដល់ការអភិវឌ្ឍរបស់ខេត្តកំពង់ធំ ក្នុងនោះ ការកសាងប្រព័ន្ធធារាសាស្ត្រជាច្រើនកន្លែង បានផ្តល់សារៈប្រយោជន៍ចំពោះបងប្អូនប្រជាកសិករក្នុងការបង្កបង្កើនផលលើវិស័យកសិកម្ម ជាពិសេសដំណាំស្រូវ អាចធ្វើបានច្រើនដងក្នុងមួយឆ្នាំ និងការពារមិនឱ្យមានការលិចលង់ពីទឹកជំនន់ ព្រមទាំងអាចជួយទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរជាតិ-អន្តរជាតិ មកទស្សនាកំសាន្តផងដែរ។ អត្ថបទ ចន្ថា បុណ្យឫទ្ធិ-ពិនិត្យដោយអ៊ុមញឹប។