ខេត្តកំពង់ធំ: នៅព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៤ កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន១៥០នាក់ ដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ បានបន្តចូលរួមដាំកូនឈើចម្រុះ លើគម្រោងផែនការចំនួន ៣០,០០០ ដើមនៅលើផ្ទៃដី ចំនួន៥០ហិកតា ដែលបានដកហូតពីក្រុមជនល្មើសកាប់ទន្ទ្រាននាពេលកន្លងទៅ ដើម្បីស្ដារព្រៃឈើឡើងវិញ ដែលពិធីនេះប្រព្រឹត្តទៅនៅអូរតាកាវ តំបន់ព្រៃអង់តែន ក្នុងឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងបទបញ្ជារបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោពលខេមរភូមិន្ទ និងការណែនាំដឹកនាំដោយផ្ទាល់ពីគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ធំ ក្នុងរយៈពេល៦ ខែកន្លងទៅនេះ កងកម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដែលរួមមានកងកម្លាំងផ្ដល់អាវុធទាំងបី និងស្ថាប័នជំនាញពាក់ព័ន្ធព្រមទាំងអាជ្ញាធរដែនដី បានរួមគ្នាការពារទប់ស្កាត់មិនឲ្យមានការកាប់ទន្ទានព្រៃឈើជាថ្មី ហើយបានរកឃើញផ្ទៃដីដែលក្រុមជនល្មើសលួចកាប់ទន្ទ្រាននាពេលកន្លងទៅ មានប្រមាណជាង ២,៤៦០ ហិកតា នៅក្នុងភូមិសាស្ត្រខេត្តកំពង់ធំ។ ហើយត្រូវបានដកហូតជាសម្បត្តិរបស់រដ្ឋ ដើម្បីដាំស្ដារព្រៃឈើឡើងវិញ ទុកជាសម្បត្តិធនធានធម្មជាតិ សម្រាប់កូនចៅរបស់យើងនៅជំនាន់ក្រោយៗទៀត ។
នៅក្នុងឱកាសនេះផងដែរ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានប្តេជ្ញាចិត្តដាច់ខាតក្នុងការការពារទប់ស្កាត់ និងបង្ក្រាបឲ្យបានមិនឲ្យមានការកាប់ទន្ទ្រានព្រៃឈើជាថ្មី ហើយនិងសំណូមពរដល់ស្ថាប័នជំនាញត្រូវស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យក្នុងការកាប់ទន្រ្ទានព្រៃឈើយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិនាពេលកន្លងទៅ ដើម្បីដាក់ជូនទៅតុលាការ ផ្ដន្ទាទោសតាមផ្លូវច្បាប់ជាធរមាន។ អត្ថបទ វេហាស៍